តំបន់រមណីយដ្ឋានទេសចរណ៍ ដែលមាននៅក្នុងទឹកដីនៃខេត្តក្រចេះ គឺមានចំនួន ១៩កន្លែង ដើម្បីរង់ចាំទទួលភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ទៅលេងកម្សាន្ត។នេះជាការលើកឡើងរបស់លោកចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្ត នៅក្នុងសន្និសីទសារព័ត៌ មានស្តីពី«វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តក្រចេះ» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នាទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

បើតាមការបញ្ជាក់របស់លោកប្រធានមន្ទីរទេសចរណ៍ បានឲ្យដឹងបន្ថែមថា ក្នុងចំណោមតំបន់រមណីយដ្ឋានទេសចរណ៍ទាំង១៩កន្លែងនោះ គឺរួមមាន រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត ៥កន្លែង រមណីយដ្ឋានធម្មជាតិ ១៣កន្លែង និងរមណីយដ្ឋានវប្បធម៌ធម្មជាតិ ១កន្លែង។លោកបន្តថា រមណីយដ្ឋានទាំង ១៩កន្លែងនោះរួមមាន៖ព្រះវិហារសសរ១០០ ,ទឹកជោរទន្លេមេគង្គកាំពី,កាំពីអន្លង់ ផ្សោត,វត្តភ្នំសុពណ៌កាឡី ,ព្រះវិហាររកាកណ្តាល។

បើតាមលោកចាន់ សុគន្ធី ក៏បានបញ្ជាក់យ៉ាងច្បាស់ៗថា ចំពោះតំបន់ទេសចរណ៍កាំពីងអន្លង់ផ្សោតត្រូវបានលោកចាត់ទុកថាជាមេដែកមួយ ក្នុងការទាក់ទាញភ្ញៀវទេសចរ ទៅលេងកម្សាន្តក្នុងខេត្តក្រចេះ ហើយបន្ទាប់ពីភ្ញៀវបានទៅតំបន់នោះរួចហើយ ទើបពួកគាត់ទៅលេងកម្សាន្តនៅតំបន់រមណីយដ្ឋានផ្សេងៗទៀតរបស់ខេត្ត។ទាក់ទងទៅនឹងចំនួនភ្ញៀវទេសចរ ដែលបានមកលេងកម្សាន្តនៅខេត្តក្រចេះវិញ លោកចាន់ សុគន្ធី បានឲ្យដឹងថា កាលពីឆ្នាំ២០១៩កន្លងទៅ មានភ្ញៀវទេសចរចំនួន៣៧៣,៦៩៦នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួន២៦,៨៧៨នាក់ និងភ្ញៀវទេសចរជាតិចំនួន ៣៤៦,៨១៨នាក់ ដែលបានមកលេងកម្សាន្តតាមតំបន់រមណីយដ្ឋាននានានៃទឹកដីខេត្តក្រចេះ។

ចំណែកអាជីវកម្ម សេវាកម្មទេសចរណ៍ កាលពីឆ្នាំ២០១៩ លោកប្រធានមន្ទីរទេសចរណ៍ ក៏បានឲ្យដឹងដែរថា ចំពោះសណ្ឋាគារ គឺមានចំនួន ១៥កន្លែង មាន៦២១បន្ទប់,ផ្ទះសំណាក់ ៤៨កន្លែង មាន៥៤០បន្ទប់ ,ភោជនីយដ្ឋាន-អាហារដ្ឋាន ១១៤កន្លែង និងសេវាកម្សាន្ត ២៤កន្លែង៕sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ