អាជ្ញាធរជាតិអប្សរា គ្រោងបញ្ចប់ដំណើរការជួសជុលព្រះវិហារបុរាណវត្តរាជបូណ៌ដែលចាស់ទ្រុឌទ្រោមឱ្យបានរឹងមាំឡើងវិញ
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះថា ព្រះវិហារបុរាណនៅវត្តរាជបូណ៌ក្នុងទីរួមខេត្តសៀមរាប បានទទួលការជួសជុលដំណាក់កាលទី៣ ក្រោមការជួយជ្រោមជ្រែងផ្នែកបច្ចេកទេស និងឧបត្ថម្ភជាថវិកាពីអាជ្ញាធរជាតិអប្សរាដែលគ្រោងនឹងជួសជុលបញ្ចប់នៅខែតុលា ឆ្នាំ២០២០ខាងមុខនេះ។
លោកបានលើកឡើងថា ការជួយជ្រោមជ្រែងផ្នែកបច្ចេកទេសនិងឧបត្ថម្ភជាថវិកា សម្រាប់ការជួសជុលវត្តរាជបូណ៌ដំណាក់កាលទី៣នេះ គឺដើម្បីរួមចំណែកថែរក្សា មរតក វប្បធម៌ខ្មែរលើវិស័យព្រះពុទ្ធសាស នា ព្រមទាំងជួយអភិរក្ស និងលើកតម្លៃវប្បធម៌នៃសិល្បៈរបស់ខ្មែរពីបុរាណកាលឱ្យរស់រវើកឡើងវិញ។ លោកបានបន្ដថា បច្ចុប្បន្ន វត្តមួយនេះអាចចាត់ទុកជាបូជនីយដ្ឋានផង និងបុរាណដ្ឋានដ៏ល្បីមួយនៅក្នុងខេត្តសៀមរាបផង។
ក្រៅពីនេះ បើរាប់ពីដំបូល តួព្រះវិហារ គ្រឹះ ហោជាង សន្លឹកទ្វារ សន្លឹកបង្អួច ព្រះពុទ្ធបដិមា បល្ល័ង្កព្រះ សសរ រូបគំនូរពណ៌ គឺសុទ្ធតែជាវត្ថុគួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់អ្នកទេសចរ អ្នកស្រាវ ជ្រាវជាតិ-អន្តរជាតិ។ លោកបានបន្ដទៀតថា ដើម្បីរួមចំណែកថែរក្សាមរតកវប្បធម៌ខ្មែរក្នុងវិស័យព្រះពុទ្ធសាសនានេះឱ្យបានគង់វង្ស អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមគម្រោងអភិរក្ស និងជួសជុលព្រះវិហារវត្តរាជបូណ៌ដំណាក់កាលទី៣ដែលជាដំណាក់កាលជួសជុលបញ្ចប់ក្នុងឆ្នាំ២០២០ ដោយចាប់ផ្តើមតាំងពីថ្ងៃទី២៦ ខែ ឧសភា ហើយគ្រោងនឹងបញ្ចប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ខាងមុខ។
លោកបានបន្ថែមថា ការជួសជុលដំណាក់កាលទី៣នេះ គឺផ្តោតលើការជួសជុលជញ្ជាំង ក្បាច់ជើងជញ្ជាំង បាំងសាច កាំជណ្តើរ ការ៉ូ ក្បាច់លើទ្វារ-បង្អួច និងខឿនព្រះវិហារ ព្រមទាំងពង្រឹងរចនាបថសំណង់ រូបចម្លាក់ ដែលចាស់ទ្រុឌទ្រោមឱ្យបានរឹងមាំឡើងវិញតាមបច្ចេកទេសនិងសម្ភារទំនើប ប៉ុន្តែប្រើប្រាស់វត្ថុធាតុដើមបុរាណដដែល៕SP
អត្ថបទទាក់ទង
-
អាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុលកែលម្អកំណាត់ផ្លូវ៦០ម៉ែត្រ