ត្បូងឃ្មុំ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានកោតសរសើរចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការដឹកនាំអភិវឌ្ឍទីរួមខេត្តត្បូងឃ្មុំ បានប្រឹងប្រែងសាងសង់សមិទ្ធផលនានាជាច្រើន នៅក្នុងខេត្តត្បូងឃ្មុំនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះ សម្ដេចក្រឡាហោម ស ខេង បែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ត្បូងឃ្មុំ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលចិន នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំ សូមថ្លែងការកោតសរសើរចំពោះ សម្ដេចក្រឡាហោម ស ខេង ដែលជាប្រធានគណៈកម្មការដឹកនាំអភិវឌ្ឍទីរួមខេត្តត្បូងឃ្មុំ ដែលជាខេត្តបង្កើតថ្មី ហើយតាំងពេលនោះ រហូតដល់ពេលនេះ បានលិចចេញជារូបរាងនៅទីរួមខេត្តត្បូឃ្មុំ និងរួមទាំងសមិទ្ធនានាជាច្រើនទៀត»។

សូមរំលឹកថា ខេត្តត្បូងឃ្មុំ គឺជាខេត្ត នៃប្រទេសកម្ពុជា ស្ថិតនៅវាលទំនាបកណ្ដាល នៃទន្លេមេគង្គ។ ខេត្តត្បូងឃ្មុំ មានព្រំប្រទល់ជាប់ខេត្តកំពង់ចាម នៅខាងលិច ក្រចេះនៅខាងជើង ព្រៃវែងនៅខាងត្បូង និង មានព្រំដែនអន្តរជាតិរួមជាមួយវៀតណាមនៅខាងកើត។ ទីរួមខេត្ត ហើយក៏ជាទីក្រុងធំបំផុតគឺសួង។

លើសពីនេះទៀត ខេត្តត្បូងឃ្មុំ ត្រូវបានបង្កើតឡើងដោយយោងតាមព្រះរាជក្រឹត្យ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ហើយត្រូវបានចេញប្រកាស នៅដើមខែមករា ឆ្នាំ២០១៤។ ខេត្តនេះ ត្រូវបានបង្កើតឡើងដោយកាត់យកក្រុងចំនួន ១ និងស្រុកចំនួន ៦ ពីខេត្តកំពង់ចាមគឺ ក្រុងសួង ស្រុកត្បូងឃ្មុំ ស្រុកអូររាំងឪ ស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកពញាក្រែក និងស្រុកមេមត់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ