ក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសសិង្ហបុរី Singapore Airlines បំបែកកំណត់ត្រាចំណេញ ជិត២ពាន់លានដុល្លារ
បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសសិង្ហបុរី Singapore Airlines បានប្រកាសពីប្រាក់ចំណេញសុទ្ធ ប្រចាំឆ្នាំ ជិត២ពាន់លានដុល្លារអាមេរិក ដែលជាចំនួនដ៏ច្រើន ពុំធ្លាប់មាន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព៌ត័មាន CNA នៅថ្ងៃទី១៧ ឧសភា ២០២៤។
ក្រុមហ៊ុនបានបញ្ជាក់ បើធៀបនឹងឆ្នាំមុន ក្រុមហ៊ុន Singapore Airlines ចំណេញបានត្រឹមតែ ប្រមាណ ១ពាន់ ៦រយលានដុល្លារ តែប៉ុណ្ណោះ។
ក្រុមហ៊ុនបានលើកឡើងថា ការបំបែកកំណត់ត្រាចំណេញនេះ បានកើតមានឡើង ស្របពេលដែលមានកំណើនរឹងមាំ នៃការដឹកជញ្ជូនទំនិញ តាមផ្លូវអាកាស ព្រោះព្រួយបារម្ភអំពីសុវត្ថិភាព តាមផ្លូវទឹក នៅក្នុងតំបន់សមុទ្រក្រហម។ ប្រភពបន្តថា កំណើនេះក៏បានឆ្លុះបញ្ចាំង អំពីតម្រូវការធ្វើដំណើរដ៏ច្រើន នៅក្នុងតំបន់អាស៊ីខាងជើងផងដែរ។
ក្រុមហ៊ុន Singapore Airlines បានជាប់ចំណាត់ថ្នាក់ទី២៩ ជាក្រុមហ៊ុនអាកាសចរណ៍ ដែលទទួលបានការកោតសរសើរថាល្អបំផុត ក្នុងពិភពលោក និងជាប់ចំណាត់ថ្នាក់លេខ២ នៅអាស៊ី។ នេះបើតាមបញ្ជីទស្សនាវដ្ដីពាណិជ្ជកម្មអាមេរិក Fortune ដែលបានប្រកាស កាលពីដើមឆ្នាំ២០២៤។
យ៉ាងណាមិញ Singapore Airlines ឲ្យដឹងថាឧស្សាហកម្មអាកាសចរណ៍នៅតែបន្តប្រឈមមុខនឹងបញ្ហាភូមិសាស្ត្រនយោបាយ, បរិយាកាសម៉ាក្រូសេដ្ឋកិច្ចមិនច្បាស់លាស់, ឧបសគ្គខ្សែសង្វាក់ផ្គត់ផ្គង់ និងអតិផរណាខ្ពស់នៅក្នុងតំបន់ ក៏ដូចជា ពិភពលោក៕