ភ្នំពេញ ៖ ក្នុងយុទ្ធនាការថ្មីដែលមានឈ្មោះថា «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាកម្មវិធីមួយមានសារៈសំខាន់ចំពោះប្រជាពលរដ្ឋ ដោយក្នុងនោះ ក្រៅពីជួយឱ្យប្រទេសស្អាត ភូមិឃុំស្អាតហើយ នៅជួយឱ្យទាក់ទាញវិស័យទេសចរណ៍ថែមទៀត។


ក្នុងពីធីប្រកាសបើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅទូទាំងស្រុកអូរាំងឪ នាថ្ងៃទី១៧ ឧសភា លោកបណ្ឌិត  អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងយុទ្ធនាការថ្មីនេះ សង្ឃឹមថានឹងទទួលជោគជ័យបន្ថែមទៀតក្រោយពីយុទ្ធនាការកាត់បន្ថយប្លាស្ទិកប្រើពេលមិនដល់មួយឆ្នាំដោយទទួលបានជោគជ័យរួចមក។ សម្រាប់យុទ្ធនាការថ្មីនេះ ក្រសួងរំពឹងថា អាចនឹងទទួលជោគជ័យក្នុងរយៈពេល ១ឆ្នាំ ដោយជោគជ័យនេះគឺសំដៅទៅលើតាមភូមិទូទាំងប្រទេសកម្ពុជារួមគ្នាចេញមកសម្អាតជុំវិញផ្ទះ ជុំវិញសាលារៀន មន្ទីរពេទ្យ វត្តអារាមដែលពេលនោះប្រទេសយើងនឹងស្អាតហើយ។


លោកបណ្ឌិត បានមានប្រសាសន៍ថា «យុទ្ធនាការនេះសំខាន់ព្រោះធ្វើឱ្យកម្ពុជាស្អាត ផ្ទះយើងស្អាត កាលណាផ្ទះយើងស្អាតយើងមានអនាម័យល្អ សុខភាពល្អ រៀនឆ្លាតវ៉ៃ រៀនពូកែ។ ស្អាតផ្ទះយើងស្អាតភ្ញៀវទេសចរណ៍មកលេង ទាំងនេះឯងនាំឱ្យមានចំណូល នាំមកនូវភាពសប្បាយរីករាយនៅក្នុងក្រុមគ្រួសារ»។

លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ផ្តើមចេញពីស្រុកអូរាំងឪ និងផ្តើមដាក់ចេញនៅយុទ្ធនាការ ថ្ងៃនេះខ្ញុំមិនប្រើប្រាសថង់ផ្លាសស្ទិក រហូតដល់ពេលនេះមានប្រជាជនជាងពាក់កណ្តាលពោលគឺលើសពី ៥០ភាគរយ បានរួមគ្នាកាត់បន្ថយប្រើប្រាស់ប្លាស្ទិកដែលទាំងនេះបង្ហាញថាពួកគាត់បានយល់ពីផលប៉ះពាល់បា្លស្ទិក។


លោករដ្ឋមន្ត្រី បញ្ជាក់ដែរថា តាមរយៈយុទ្ធនាការកាត់បន្ថយប្លាស្ទិកកន្លងមកឃើញថា ចំនួនថង់បា្លស្ទិកនាំចូលប្រទេសកម្ពុជាកន្លងមកមានចំនួន៧៥%ហើយ ដោយក្នុងនេះ នៅសល់តែ២៥ភាគរយទៀតទេ។ លោករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «អញ្ចឹងទេយើងឃើញថា ដល់ពេលយើងចេញមកសម្អាតតាមភូមិឃុំ របស់យើងហើយ។យើងមិនជោគជ័យ១០០%ទេ តែយ៉ាងហោចណាស់ក៏៨០ទៅ៩០%ដែរ។ សម្រាប់យុទ្ធនាការថ្មីនេះ ដល់ពេលយើងចេញមកសំអាតតាមផ្លូវ តាមផ្ទះ អញ្ចឹងក្មួយៗជួយផង ក្មួយជួយបានអត់ ក្នុងយុទ្ធនាការថ្មី“កម្ពុជាស្អាត ខ្មែរធ្វើបាន»៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ