សាន់ហ្វ្រាន់ស៊ីស្កូ៖ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Microsoft នៅថ្ងៃព្រហស្បតិ៍នេះនិយាយថា ខ្លួនកំពុងស្នើឱ្យបុគ្គលិកមួយចំនួន ដែលកំពុងធ្វើការនៅចិន គិតគូរពីការផ្ទេរការងារចេញទៅប្រទេសផ្សេង ចំពេលទំនាក់ទំនងសហរដ្ឋអាមេរិក-ចិន កាន់តែតានតឹងខាងផ្នែកបច្ចេកវិទ្យា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព៌ត័មាន Wall Street Journal នៅថ្ងៃទី១៨ ឧសភា ២០២៤។

ក្រុមហ៊ុន Microsoft កំពុងស្នើឱ្យបុគ្គលិករបស់ខ្លួនប្រមាណ ៧០០ ទៅ ៨០០នាក់ដែលធ្វើការពាក់ព័ន្ធនឹងផ្នែកម៉ាស៊ីន និងការងារផ្សេងទៀតដែលទាក់ទងនឹងកុំព្យូទ័រ ពិចារណាផ្ទេរការងារពីចិនទៅប្រទេសផ្សេង។ ទន្ទឹមគ្នា អ្នកនាំពាក្យក្រុមហ៊ុន Microsoft បានអះអាងថា ក្រុមហ៊ុនខ្លួននៅតែប្តេជ្ញាចិត្តចំពោះប្រទេសចិន ហើយនឹងបន្តប្រតិបត្តិការនៅទីនោះ និងប្រទេសផ្សេងៗទៀត។

បុគ្គលិក Microsoft ដែលភាគច្រើនជាវិស្វករសញ្ជាតិចិន កាលពីដើមសប្តាហ៍នេះ ត្រូវបានផ្តល់ជម្រើសក្នុងការផ្ទេរទៅសហរដ្ឋអាមេរិក អៀរឡង់ អូស្ត្រាលី និងនូវែលសេឡង់។ ដំណឹងខាងលើនេះកើតឡើង ចំពេលដែលទំនាក់ទំនងសហរដ្ឋអាមេរិក-ចិន កំពុងស្ថិតក្នុងភាពតានតឹងខ្លាំង ខណៈដែលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានដំឡើងពន្ធលើទំនិញនាំចូលជាច្រើនរបស់ទីក្រុងប៉េកាំង រួមទាំងអាគុយឡានអគ្គិសនី, បន្ទះឈីប និងផលិតផលវេជ្ជសាស្រ្ត។

ជាងនេះទៅទៀត សហរដ្ឋអាមេរិកក៏គ្រោងនឹងចេញសំណើច្បាប់ សំដៅលើឡានដែលមានសមត្ថភាពភ្ជាប់អ៊ីនធឺណិតរបស់ចិន នៅរដូវស្លឹកឈើជ្រុះក្នុងឆ្នាំនេះ ដោយលើកឡើងពីហានិភ័យសន្តិសុខជាតិ ចំពោះទិន្នន័យរបស់ពលរដ្ឋអាមេរិក។ រថយន្តភ្ជាប់អ៊ីនធឺណិតមានបំពាក់បណ្តាញផ្នែករឹងរួមបញ្ចូលគ្នា (integrated network hardware) ដែលផ្តល់លទ្ធភាពឱ្យភ្ជាប់អ៊ីនធឺណិតប្រើប្រាស់បាន ហើយអនុញ្ញាតឱ្យឡានទាំងនោះ ចែករំលែកទិន្នន័យជាមួយឧបករណ៍បំពាក់ទាំងនៅក្នុង និងក្រៅឡាន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ