ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានសម្រេចឃាត់ខ្លួនជនសង្ស័យ ០១រូប ឈ្មោះ ខ.ប.ណ អាយុ ៣៣ឆ្នាំ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ក្រោមរូបភាពផ្តល់សេវាកម្មដាក់បញ្ចាំរថយន្តតាមបណ្តាញទំនាក់ទំនងសង្គម។

ការសម្រេចឃាត់ខ្លួនជនសង្ស័យខាងលើ ត្រូវបានធ្វើឡើងបន្ទាប់ពីមន្ត្រីនគរបាលយុត្តិធម៌នាយកដ្ឋាន បានបើកការស៊ើបអង្កេតស្រាវជ្រាវលើពាក្យបណ្តឹងជនរងគ្រោះ និងអនុវត្តតាមគោលការណ៍ ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។


តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានណែនាំជនរងគ្រោះតាមរយៈបណ្តាញទំនាក់ទំនងសង្គមឱ្យដាក់បញ្ចាំរថយន្តជាមួយគូកន ដើម្បីទទួលបានកម្រៃជើងសារពិតប្រាកដមែន។ 

ឆ្លៀតក្នុងឱកាសនេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នចំពោះការទំនាក់ទំនងមនុស្សដែលមិនស្គាល់អត្តសញ្ញាណតាមបណ្តាញទំនាក់ទំនងសង្គម និងការសម្រេចចិត្តជ្រើសរើសសេវាកម្មប្រាក់កម្ចីដែលគ្មានច្បាប់អនុញ្ញាត ឬសេវាប្រាក់កម្ចីតាមអនឡាញខុសច្បាប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ