ភ្នំពេញ ៖ ថ្លែងចេញពីប្រទេសកូរ៉េខាងត្បូង, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្តើមបើកការដ្ឋានក្នុងពេលឆាប់ៗនេះ។ ខណៈកាលពេលមុន សម្ដេច បញ្ជាក់ថា គម្រោងនេះ នឹងការដ្ឋាននៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥។

នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនសហគមន៍ខ្មែររស់នៅសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរ នៅទូទាំងពិភពលោក ព្រមទាំងពលរដ្ឋខ្មែរនៅកូរ៉េ នាពេលកន្លងមក បានប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ។

សម្តេចធិបតី បញ្ជាក់សារជាថ្មីថា គម្រោងព្រែកជីកហ្វូណនតេជោ មិនមែនជារបស់សម្តេច ឬសម្តេចតេជោ នោះទេ តែជារបស់ខ្មែរទាំងមូល។

សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ថ្ងៃមុន ខ្ញុំប្រកាសថា ធ្វើចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។ ខ្ញុំ ឥឡូវអត់ទេ នឹងធ្វើចេញឆាប់ៗខាងមុខនេះ។ ខ្ញុំ ត្រឡប់ទៅវិញ នឹងគិតអំពីការដាក់ធ្វើឱ្យឆាប់ចេញ ឆាប់ៗនេះ ចាប់ផ្ដើមបុកគ្រឹះ អត់ថយទេ។ មានការចូលរួម មិនមានការចូលរួម ពីវិនិយោគគិនបរទេសអត់សំខាន់ សំខាន់ខ្មែរ ត្រូវធ្វើឱ្យបាននូវគម្រោងនេះ យើងរួមគ្នាធ្វើ»។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា គម្រោងព្រែកជីកហ្វូណនតេជោ គឺសម្រាប់ខ្មែរទាំងអស់គ្នា មិនមែនធ្វើដើម្បីគំរាមអ្នកណាមួយឡើយ តែដើម្បីធ្វើឱ្យខ្មែររួមគ្នាប្រឆាំងនូវភាពមិនអភិវឌ្ឍ ហើយរួមគ្នាកាត់បន្ថយភាពក្រីក្រ រួមគ្នាលើកកម្ពស់កម្ពុជា ដើម្បីឱ្យក្លាយជាប្រទេសមានមានជីវភាពខ្ពស់។

ទន្ទឹមនឹងនេះ សម្ដេច នាយករដ្ឋមន្ដ្រី បានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្ដល់នូវឯករាជ្យភាព ផ្ដល់នូវថាមពល សម្រាប់កម្ពុជា អភិវឌ្ឍទៅមុនទៀត ខណៈប្រជាពលរដ្ឋខ្មែរ ទូទាំងពិភពលោក បានប្រកាសគាំទ្រនូវគម្រោងនេះហើយ សម្ដេច ប្ដេជ្ញាត្រូវធ្វើឱ្យបានផងដែរ។

គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៉ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ផ្លូវទឹកនេះនឹងមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព ។

គម្រោងនេះនឹងសាងសង់ សន្ទះផ្លូវនាវាចរណ៍ចំនួន៣កន្លែង, សាងសង់ស្ពានចំនួន ១១កន្លែង, សាងសង់ផ្លូវអមសាង ខាងប្រវែង ២០៨គីឡូម៉ែត្រ និងមានបំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ទន្លេផ្សេងៗទៀតផងដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ