សេអ៊ូល៖ កូរ៉េខាងជើងនៅថ្ងៃសៅរ៍នេះបានចេញមុខអះអាងថា ខ្លួនបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគយុទ្ធសាស្ត្រមួយគ្រាប់ ខណៈដែលលោក គីម ជុងអ៊ុន ក៏បានប្តេជ្ញាដែរថា នឹងបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែររបស់ប្រទេសខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព៌ត័មាន AFP នៅថ្ងៃទី១៨ ឧសភា ២០២៤។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការបាញ់សាកល្បងមីស៊ីលបាលិស្ទីគយុទ្ធសាស្ត្រ កាលពីថ្ងៃសុក្រ ទៅកាន់សមុទ្រខាងកើត ដែលត្រូវបានគេស្គាល់ថា ជាសមុទ្រជប៉ុន នៅក្នុងបេសកកម្មដើម្បីវាយតម្លៃភាពត្រឹមត្រូវ និងភាពជឿជាក់ នៃប្រព័ន្ធរុករកស្វយ័តថ្មីមួយ។
នាឱកាសនោះដែរ លោក គីម បានបង្ហាញ ការពេញចិត្តយ៉ាងខ្លាំង ចំពោះការសាកល្បងនេះ។ នៅថ្ងៃសុក្រដដែល ប្អូនស្រីដ៏មានឥទ្ធិពលរបស់លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូជុង បានចេញមុខនិយាយថា មីស៊ីលយុទ្ធសាស្រ្តរបស់កូរ៉េខាងជើងមានគោលដៅតែមួយគត់ គឺដើរតួនាទីជាវត្ថុសម្រាប់ទប់ស្កាត់ការគំរាមកំហែងផ្នែកយោធាពីសំណាក់កូរ៉េខាងត្បូង ហើយអ្នកនាងក៏បានបដិសេធផងដែរ នូវការចោទប្រកាន់ថា ទីក្រុងព្យុងយ៉ាងនាំចេញសព្វាវុធទាំងនេះទៅកាន់ប្រទេសរុស្ស៉ី។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ កូរ៉េខាងជើងបានពង្រីកដំណើរការតេស្តសាកល្បងសព្វាវុធរបស់ខ្លួន ដែលនេះគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងពង្រឹង និងធ្វើទំនើបកម្មយោធា ខណៈដែលទំនាក់ទំនងការទូតរបស់ខ្លួនជាមួយអាមេរិក និងកូរ៉េខាងត្បូងកាន់តែល្អក់កករមិនងាយ និងស្ដារឡើងវិញបាន។ កូរ៉េខាងជើងបានប្រាប់ថា ខ្លួនស្ថិតនៅក្នុងកាលៈទេសៈបង្ខំនោះទេ ក្នុងការបង្កើនកម្មវិធីមីស៊ីល និងនុយក្លេអ៊ែរ នេះក៏ព្រោះតែអរិភាពរបស់សហរដ្ឋអាមេរិក៕