នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ ណែនាំឱ្យមានការប្រុងប្រយ័ត្ន វិធីសាស្ត្រផ្ទេរប្រាក់ក្លែងបន្លំ
2 ឆ្នាំ មុន
នាយកដ្ឋានព័ត៌មានវិទ្យា៖ បច្ចេកវិទ្យាបានផ្តល់ភាពងាយស្រួលក្នុងការបម្រើកិច្ចការងារផ្សេងៗគ្រប់វិស័យតួយ៉ាង វិស័យធនាគារ សុខាភិបាល និងសេដ្ឋកិច្ចសង្គម។ល។ ការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យា បានផ្តល់ភាពងាយស្រួល និងអត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ ទន្ទឹមគ្នានេះដែរវាក៏មានហានិភ័យ ឬផលអវិជ្ជមានផងដែរ។
នាពេលថ្មីៗនេះ ក្រុមការងារសង្កេតឃេីញមានការឆបោកផ្ទេរប្រាក់ក្លែងបន្លំជាច្រេីនករណី ដោយជនខិលខូចបន្លំទិញទំនិញ ឬសេវា និងប្រេីប្រាស់កម្មវិធីទូរសព្ទដៃ ក្នុងការបង្កេីតរបាយការណ៍ផ្ទេរប្រាក់ក្លែងក្លាយ(Screenshot Transaction Report) ដោយបង្ហាញព័ត៌មានជនរងគ្រោះ (អ្នកផ្តល់សេវា ឬលក់ទំនិញ) លេខគណនី ចំនួនទឹកប្រាក់ និងកាលបរិច្ឆេទ ហាក់ដូចជាប្រតិបត្តិការផ្ទេរប្រាក់ពិតប្រាកដផងដែរ។
លេីសពីនេះ ក្រុមការងារសូមចែករំលែកនូវវិធីសាស្ត្រ ដែលជនខិលខូចប្រេីប្រាស់ សង្ខេបជូនដូចខាងក្រោម៖
១. ជនខិលខូចបានបង្កើត Link Generate និងកម្មវិធី App ថ្មីមួយស្រដៀងនឹងកម្មវិធី Mobile App របស់ធនាគារ ឬក្រុមហ៊ុនទូរទាត់ប្រាក់ឌីជីថល មួយចំនួនដូចជា ABA ACLEDA ឬ WING ។ល។
២. ធ្វេីការក្លែងបន្លំបញ្ជាទិញទំនិញ ឬសេវានៅតាមទីតាំងផ្សេងៗ តួយ៉ាង៖ កន្លែងទិញដូរទូរសព្ទ កន្លែងផ្តល់សេវាកម្មផ្សេងៗ ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ឬម្ហូបអាហារ។ល។
៣. ជនខិលខូចធ្វេីការស្កេន QR Code ឬវាយបញ្ចូលព័ត៌មានម្ចាស់គណនី ក្នុងកម្មវិធីក្លែងក្លាយ និងធ្វេីការក្លែងបន្លំរបាយការណ៍ផ្ទេរប្រាក់ (Fake Screenshot Transaction Report) បង្ហាញទៅកាន់ភ្នាក់ងារ ឬម្ចាស់លក់ទំនិញ ឬផ្តល់សេវា។
៤. សកម្មភាពនេះរមែងកេីតឡេីងនៅពេលភ្នាក់ងារ ឬម្ចាស់លក់ទំនិញ ឬផ្តល់សេវា មមារញឹកនឹងអាជីវកម្ម ឬពុំបានពិនិត្យផ្ទៀងផ្ទាត់ប្រតិបត្តិការផ្ទេរប្រាក់ឱ្យបានត្រឹមត្រូវ។
ជាថ្មីម្តងទៀតនាយកដ្ឋានព័ត៌មានវិទ្យា សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជា ពិសេសភ្នាក់ងារ ឬម្ចាស់លក់ទំនិញ ឬផ្តល់សេវា សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ ក្នុងការទូរទាត់ និងការទទួលប្រាក់ដោយផ្ទៀងផ្ទាត់តាមរយៈរបាយការណ៍ផ្ទេរប្រាក់ (Screenshot Transaction Report) មុននឹងធ្វើការដោះដូរទំនិញ ឬសេវាណាមួយ។
ដេីម្បីបង្កេីនការយល់ដឹង និងជៀសផុតពីសកម្មភាពក្លែងបន្លំខាងលេី សូមបងប្អូនប្រជាពលរដ្ឋ ធ្វេីការចែករំលែកអត្ថបទនេះ ដើម្បីឱ្យមនុស្សជាទីស្រលាញ់របស់លោកអ្នកបានឃើញ កុំឱ្យពួកគាត់ក្លាយជាជនរងគ្រោះ។