ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយឥតសំណងសរុបចំនួន៣២លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។

នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះហត្ថលេខា លើកិច្ចព្រៀងហិរញ្ញប្បទាន ឥតសំណង រវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុននៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០។

គម្រោងនេះ មានគោលបំណងធ្វើឲ្យប្រសើរឡើងនូវការទទួលបានទឹកស្អាតប្រកបដោយ សុវត្ថិភាពក្នុងក្រុងតាខ្មៅតាមរយៈ ទី១-ការសាងសង់ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដែល មានសមត្ថភាព ផលិតទឹកស្អាតបាន ៣០ ០០០ម៉ែត្រគីប ក្នុងមួយថ្ងៃ ទី២-ការសាងសង់ស្ថានីយ៍ បូមទឹកឆៅនិងបំពង់មេនាំទឹកឆៅ ទី៣-ការសាងសង់បរិក្ខាសម្រាប់ចែកចាយទឹកស្អាតនិង ទី៤- ការបំពាក់ប្រព័ន្ធ SCADA និងបញ្ហាដំណើរការរបស់រោងចក្រ ព្រមទាំងការផ្ទេរបច្ចេកវិទ្យាសម្រាប់ប្រតិបត្តិការ និងការថែទាំរោងចក្រដោយប្រើបទពិសោធន៍ និងចំណេះដឹងពីប្រទេសជប៉ុន។

បច្ចុប្បន្ន ទឹកស្អាតដែលកំពុងប្រើប្រាស់ក្នុងក្រុងតាខ្មៅ គឺត្រូវបានផ្គត់ផ្គង់ជាចម្បង ពីរាជធានីភ្នំពេញ។ ដូច្នេះ គម្រោងនេះ នឹង ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើង មិនត្រឹមតែសេវាផ្គត់ផ្គង់ទឹកស្អាត នៅក្នុងក្រុងតាខ្មៅ និងតំបន់ជុំវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយការផ្គត់ផ្គង់ទឹកស្អាតពីរាធានីភ្នំពេញផងដែរ។

សូមបញ្ជាក់ថា ការសាងសង់គម្រោងនេះ នឹងចំណាយរយៈ ពេលចំនួន ២៩ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៣។

សូមរំលឹកថា គម្រោងហិរញ្ញប្បទានឥតសំណងនេះ គឺជាគម្រោងទី១២ហើយ បើគិតចាប់តាំងពីឆ្នាំ១៩៩៣ មកដល់ បច្ចុប្បន្ននេះ ដែលរាជរដ្ឋាភិបាលជប៉ុន តាមរយៈ JICA បានផ្តល់ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត ហើយក៏ជាហិរញ្ញប្បទានឥតសំណងលើកទី៦ ផងដែរ ដែលបានផ្តល់ ដល់រដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ