ភ្នំពេញ ៖ បំពង់ទឹកស្អាត ដែលមានមុខកាត់ទំហំ ២០០០មីលីម៉ែត្រ ដែលជាគម្រោងធំបំផុតនៅកម្ពុជា បានបើកការដ្ឋានខួងដាក់ក្រោមបាតទន្លេសាបហើយ ដើម្បីធានាដល់ការបញ្ជូនទឹកទៅគម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ខណៈរោងចក្របាក់ខែងជំហ៊ានទី១ នឹងត្រូវដាក់ឱ្យដំណើរការនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខដ៏ខ្លីនេះ។

ថ្លែងក្នុងពិធីបើកការដ្ឋានដាក់ទុយោទំហំ២០០០មីលីម៉ែត្រនេះ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា នេះប្រវត្តិសាស្រ្តមួយសម្រាប់ប្រទេសកម្ពុជា ដែលបានដាក់នូវបំពង់មេដែលមានទំហំធំបែបនេះ ព្រោះនៅលើពិភពលោក មានប្រទេសតិចណាស់ដែលមានទុយោទំហំរហូតដល់២០០០មីលីម៉ែត្រដាក់ចុះក្រោមទឹក។


លោក បន្ថែមថា ទុយោទំហំ២០០០មីលីម៉ែត្រ នឹងត្រូវដាក់ឈ្មោះថា «មហាទុយោ ប៊ុនរ៉ានីហ៊ុន សែន» ក្នុងថ្ងៃសម្ពោធនាពេលខាងមុខ។

សូមបញ្ជាក់ថា គម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហ៊ានទី១ មានសមត្ថភាពផលិតទឹកស្អាតបានមួយថ្ងៃ១៩៥០០០ម៉ែត្រគូប ដោយសម្រេចការសាងសង់បាន៨៩%នៃទំហំការងារទាំងមូល។

គម្រោងរោងចក្របាក់ខែងជំហ៊ានទី១ ត្រូវបានប្រើថវិកាសាងសង់ប្រមាណ២០០លានដុល្លារ ក្នុងនោះទទួលបានកម្ចីពីAFDចំនួន ៨៥លានដុល្លារ, ពីធនាគារវិនិយោគអឺរ៉ុប (EIB) ចំនួន ១០០លានដុល្លារ និងហិរញ្ញប្បទានឥតសំណងពីសហភាពអឺរ៉ុប (EU) ចំនួន ១៥លានដុល្លារអាម៉េរិក៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ