ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានសុំការយោគយល់  និងអធ្យាស្រ័យពីអតិថិជន ដែលខ្លះខាតទឹកប្រើប្រាស់នៅរដូវប្រាំង និងអំពាវនាវដល់អតិថិជនទាំងអស់ទាំងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មេត្តាជួយសន្សំសំចៃទឹកស្អាត  ដោយសារតម្រូវទឹកនៅឆ្នាំ២០២៣ បានកើនឡើងដល់ជិត៩០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈសមត្ថភាពផលិតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានប្រមាណតែ៦៤ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃតែប៉ុណ្ណោះ។


 យោងតាមសេចក្តីជូនដំណឹង ស្តីពីស្ថានភាពផ្គត់ផ្គង់ទឹកក្នុងរដូវប្រាំងឆ្នាំ២០២៣ និងដំណោះស្រាយ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ចាប់ពីដើមខែកុម្ភៈ ដល់ខែមីនា ឆ្នាំ២០២៣ នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)បានទទួលព័ត៌មានអំពីការមិនពេញចិត្តរបស់អតិថិជន ពាក់ព័ន្ធនឹងបញ្ហាខ្វះទឹកប្រើប្រាស់, ទឹកមានសម្ពាធខ្សោយ និងគ្មានទឹកក្នុងបណ្តាញទឹកជាដើម។


រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានកត់សម្គាល់ថា ខណ្ឌដែលមានបញ្ហាទឹក ប្រើប្រាស់ ភាគច្រើនកើតឡើងនៅក្នុងសង្កាត់ ជាយរាជធានីភ្នំពេញ ដែលមានជាអាទិ៍ សង្កាត់ស្វាយប៉ាក, ៦សង្កាត់នៃខណ្ឌសែនសុខ, សង្កាត់គោករការ, សង្កាត់ក្រាំងធ្នង់, សង្កាត់សម្រោងក្រោម, សង្កាត់ស្ទោ, សង្កាត់ភ្លើងឆេះរទេះ, សង្កាត់ពងទឹក, សង្កាត់កន្ទោក, សង្កាត់កំបូល,សង្កាត់ចោមចៅ១, សង្កាត់ចោមចៅ២, និងសង្កាត់ចោមចៅ៣, សង្កាត់កាកាប១, និងសង្កាត់កាកាប២, សង្កាត់ព្រៃវែង, សង្កាត់ព្រៃស, សង្កាត់ជើងឯក, សង្កាត់ស្ទឹងមានជ័យ១,សង្កាត់ស្ទឹងមានជ័យ២ និងសង្កាត់ស្ទឹងមានជ័យ៣, សង្កាត់ព្រែកកំពឹស, សង្កាត់ព្រែកហូរ, សង្កាត់ស្វាយរលំ, សង្កាត់ព្រែកថ្មី, សង្កាត់ក្បាលកោះ។


រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានគូសបញ្ជាក់ថា «រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាត់ទុកកង្វល់របស់អតិថិជន គឺជាកង្វល់ និងការទទួលខុសត្រូវរបស់ខ្លួន និងសូមអតិថិជនដែលជួបបញ្ហាទឹកស្អាតទាំងអស់មេត្តាយោគយល់, អធ្យាស្រ័យ, ខន្តីអភ័យទោស និងសូមមេត្តាជឿជាក់ថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងធ្វើការដោះស្រាយបញ្ហាខ្វះទឹកស្អាតប្រើប្រាស់បាន ក្នុងលក្ខណៈជាប្រព័ន្ធ និងជាជំហានៗ ចាប់ពីខែឧសភាឆ្នាំ២០២៣ តទៅ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ