ភ្នំពេញ ៖ គិតមកត្រឹមពាក់កណ្តាលខែកក្កដា ឆ្នាំ២០២២នេះ ការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ សម្រេចបាន ៦៦ភាគរយហើយ។ តាមផែនការគ្រោងទុកនឹងបញ្ចប់ក្នុងឆ្នាំ២០២៣ ខាងមុខនេះ ខណៈជំហានទី២ សម្រេចបាន ៤២ភាគរយ ផងដែរ។

ក្នុងឱកាសចុះទៅពិនិត្យពីវឌ្ឍនភាពនៃការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តភ្នំពេញ បានឱ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននិងកំពុងពន្លឿនការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ដែលមានសមត្ថភាពផលិតបាន ៣៩០,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។

លោកបានគូសបញ្ជាក់ថា ជំហានទី១ អាចផលិតទឹកស្អាត បាន ១៩៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ហើយជំហានទី២ អាចផលិតបាន ១៩៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ លោក បន្តថា រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងនេះ នឹងជួយបង្កើនសមត្ថភាពផលិតទឹកបាន ៧០ភាគរយ នៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ពោល គឺបន្ថែមលើសមត្ថភាពផលិតទឹកស្អាត បច្ចុប្បន្នពី ៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ឱ្យឡើងរហូតដល់ ១លានម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ២០២៥ និងនៅឆ្នាំ២០៣០ អាចមានរហូតទៅដល់១លាន៨សែនម៉ែត្រគូបក្នុងមួយថ្ងៃ។

សូមរំលឹកថា រោងចក្រផលិតទឹកស្អាយបាក់ខែងនេះ បានបើកការដ្ឋានការដ្ឋានសាងសង់ កាលពីខែមករា ឆ្នាំ២០២០ ពោលគឺចំពេលដែលកម្ពុជាកំពុងប្រឈមខ្លាំងជាមួយនឹងវិបត្តិកូវីដ-១៩ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជំងឺកូវីដ១៩ មិនមែនជាឧបសគ្គក្នុងការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតរបស់កម្ពុជាឡើយ គឺសកម្មភាពនៅតែបន្តជាប់ជាប្រចាំ ហើយសម្រេចបានលទ្ធផលគួរជាទីមោទនភាពនាពេលនេះ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បង្ហាញសុទិដ្ឋិនិយមថា ចាប់ពីឆ្នាំ២០២៣តទៅ ខ្លួននឹងមានសមត្ថភាពផលិតទឹកស្អាតសរុប ១,០០០,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ដើម្បីបិទបញ្ចប់នូវបញ្ហាកង្វះទឹកស្អាតនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ