ក្រសួងការបរទេសខ្មែរ ៖ អាជ្ញាធរខេត្តកណ្ដាល ត្រូវបន្តយកចិត្តទុកដាក់តាមដាន មើលថា តើភាគីវៀតណាម រុះរើតង់ចេញពីតំបន់ព្រំដែនមិនទាន់ឯកភាពគ្នា បានប៉ុន្មាន?
ភ្នំពេញ ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងរបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន លើកឡើងថា អាជ្ញាធរខេត្តកណ្ដាល ត្រូវបន្តយកចិត្តទុកដាក់តាមដាន មើលថាតើភាគី វៀតណាម បានរុះរើតង់ចេញពី តំបន់ព្រំដែនមិនទាន់ឯកភាពគ្នាបានប៉ុន្មាន? ហើយនៅ សេសសល់ប៉ុន្មានទៀត ត្រូវពន្លឿនការដោះស្រាយ ។
កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ កម្ពុជាបានធ្វើកំណត់ទូតតវ៉ា ទៅកាន់ភាគីវៀតណាម ដោយស្នើឲ្យបញ្ឈប់ជាបន្ទាន់ នូវការរំលោភបំពាន លើខ្សែបន្ទាត់ព្រំដែន ដែលមិនទាន់ឯកភាពគ្នា ខណៈភាគីវៀតណាមបានបោះតង់ និងដាក់កម្លាំងកងទ័ពចំនួន ៣១កន្លែង ដែលជាប់ព្រំដែនជាមួយ ស្រុកលើកដែក ស្រុកកោះធំ ក្នុងខេត្តកណ្ដាល និងខេត្តអានយ៉ាង របស់វៀតណាម។
លោក កុយ គួង បានថ្លែងបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី២៣ មិថុនានេះថា «រឿងតង់វៀតណាម នៅតាមព្រំដែនកន្លងមក យើងបានធ្វើកំណត់ទូតមួយហើយ ចឹងសំខាន់គឺខាងអាជ្ញាធរយើង ត្រូវតាមដានមើលថាតើ តង់ប៉ុន្មានដែលគេរើ ហើយតង់ប៉ុន្មានទៀត ដែលវៀតណាមនៅសល់ បញ្ហាសំខាន់អាជ្ញាធរខេត្តកណ្ដាលយើង ត្រូវតាមដានសកម្មភាពហ្នឹង» ។លោកបន្ថែមថា ចំពោះជំហររបស់កម្ពុជា គឺស្នើឲ្យវៀតណាមរើចេញពីតំបន់ ដែលមិនទាន់មានការកំណត់ ព្រំដែនច្បាស់លាស់ ។ ចំពោះពេលវេលានៃការរើចេញទេ គឺមិនបានកំណត់ថា ភាគីវៀតណាមត្រូវតែរុះរើចេញ ពេលណាមួយជាក់លាក់ទេ គ្រាន់តែស្នើឲ្យភាគីវៀតណាម រើចេញឲ្យបានឆាប់ ។
សូមរំលឹកថា កម្ពុជា-វៀតណាម មានព្រំដែនគោករួមគ្នាប្រវែង ១២៧០គីឡូម៉ែត្រ ហើយរហូតមកដល់បច្ចុប្បន្ននេះ ភាគីទាំងពីរ បានបោះបង្គោលព្រំដែន សម្រេចបាន ៨៤% នៃខ្សែព្រំដែនរួម ខណៈនៅសល់ ១៦% ទៀតកំពុងដោះស្រាយ ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ