ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រុមការងារបច្ចេកទេសទើបបញ្ចប់ដោយជោគជ័យលើកិច្ចចរចាពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន កាលពីពេលថ្មីៗនេះ ហើយកម្ពុជារំពឹងថានឹងមានកំណើននៃការនាំចេញទៅកាន់ទីផ្សារ ប្រទេសចិនប្រមាណជា ២០ភាគរយ។យោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្ម។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាស លោក ប៉ាន សូរស័ក្តិ ជួបសំណេះសំណាលជាមួយ មន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកែប កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។

លោក ប៉ាន សូរស័ក្តិ បញ្ជាក់ថា បន្ទាប់ពីទទួលបានជោគជ័យលើកិច្ចចរចានេះរួចមក ក្រុមការងារនឹងស្នើសុំគោលការណ៍ពីរដ្ឋាភិបាលទាំងសងខាង ដើម្បីផ្តល់ការយល់ព្រមលើអត្ថបទកិច្ចព្រមព្រៀង និងសំណើបើកច្រកទីផ្សារ និងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនៅចុងឆ្នាំ២០២០នេះ ហើយវានឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីលើកដំបូងសម្រាប់កម្ពុជា។ 

លោកអះអាងថា ផ្អែកលើគោលការណ៍រួមដែលបានឯកភាពគ្នាដោយក្រុមចរចានោះ បន្ទាប់ពីរដ្ឋាភិបាលប្រទេសទាំងពីរឯកភាពលើកិច្ចព្រមព្រៀង និងការបើកច្រក ទីផ្សារដែលបានស្នើឡើងនោះកំណើននាំចេញពីកម្ពុជាត្រូវបាន រំពឹងថានឹងកើនឡើងប្រមាណ២០ភាគរយ។

សូមបញ្ជាក់ថា ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន ជាគំនិតផ្តួចផ្តើម របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក លី គឺជាំង(Li Keqiang)នាយករដ្ឋមន្ត្រីចិន នៅក្នុងជំនួបទ្វេភាគីនាថ្ងៃទី២០-២៣ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ