ភ្នំពេញ  ៖  ក្រសួងពាណិជ្ជកម្ម  បានបញ្ជាក់ថា  កម្ពុជាមាន ក្រុមការងាររៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រចរចាបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី មានក្រុមការងារចំនួន ៨ ក្រុមទទួលបន្ទុកប្រទេស រួមមាន៖ ចិន ចក្រភពអង់គ្លេស សាធារណរដ្ឋកូរ៉េ សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ា (EAEU) អាមេរិក ជប៉ុន ម៉ុងហ្គោលី និងឥណ្ឌា។ 

យោងតាមគេហទំព័រហ្វេស របស់   ក្រសួងពាណិជ្ជកម្ម  បានឲ្យដឹងថា  លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពការងារនៃក្រុមការងារនីមួយលើការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

លោកបានឲ្យដឹងថា ការរៀបចំបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសដៃគូ ជាការងារចម្បងដែលរាជរដ្ឋាភិបាលបានប្រគល់ជូនមកក្រសួងពាណិជ្ជកម្ម ដើម្បីពង្រឹងភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ច-ពាណិជ្ជកម្មរបស់កម្ពុជា។ 

ការងារនេះត្រូវបានកំណត់នៅក្នុងបរិស្ថានគ្របដណ្ដប់សម្រាប់ការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាល ដែលបានកំណត់ថា ដំណើរឈានឡើងទៅមុខរបស់កម្ពុជា គឺត្រូវទាមទារឲ្យយើងបន្តខិតខំពង្រឹងសមត្ថភាពធ្វើសមាហរណកម្មខ្លួនចូលក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក។ 

ជាក់ស្ដែង ការធ្វើសមាហរណកម្មទាំងនេះ គឺក្នុងគោលបំណងពង្រីក និងបើកច្រកចូលទីផ្សារសម្រាប់ការនាំចេញឲ្យកាន់តែធំទូលាយថែមទៀត ដោយផ្អែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានលក្ខណៈអចិន្ត្រៃយ៍ ជាជាងពឹងផ្អែកលើការអនុគ្រោះពាណិជ្ជកម្មក្នុងលក្ខណៈទ្វេភាគី ដែលអាចនឹងងាយបាត់បង់ទៅវិញ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសម្តែងនូវសេចក្ដីរីករាយដែលបានឃើញការងារចរចា និងការសិក្សាមួយចំនួន ដែលបានចាប់ផ្ដើមរួចហើយបានទទួលនូវផ្លែផ្កាជាទីគាប់ចិត្ត រួមមានការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ការសិក្សារួមលើលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងការពិភាក្សាជាមួយនឹងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី។ 

ចំពោះក្រុមការងារដែលមិនទាន់បានចាប់ផ្ដើមការងាររបស់ខ្លួននៅឡើយ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យចាប់ផ្ដើមការងាររបស់ខ្លួនឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដោយគិតគូ និងរៀបចំផែនការសកម្មភាពរបស់ខ្លួនឲ្យបានច្បាស់លាស់៕  E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ