ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា កម្ពុជាត្រៀមអង្ករ ចំនួន៣០.០០០តោន រួចជាស្រេចសម្រាប់នាំចេញទៅប្រទេសទីម័រខាងកើត ហើយស្នើឲ្យ ទីម័រខាងកើត ពិនិត្យលទ្ធភាព និងផ្ដល់ដំណឹងមកកម្ពុជាវិញ។យោតាមគេហទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម។
ក្នុងជំនួបពិភាក្សាការងារជាមួយលោក អើមេនេហ្គីលដូ គូប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូតទីម័រខាងកើត ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្ដិ មានប្រសាសន៍ថា «កម្ពុជាបានរៀបចំត្រៀមអង្ករចំនួន ៣០.០០០ តោន រួចជាស្រេចសម្រាប់នាំចេញទៅប្រទេសទីម័រខាងកើត ហើយស្នើសុំឲ្យសហភាគីទីម័រខាងកើត ពិនិត្យលទ្ធភាព និងផ្ដល់ដំណឹងជូនដល់កម្ពុជាវិញ»។
លោកលើកឡើងអំពី អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខារួចហើយ និងស្នើសុំឲ្យពន្លឿនការអនុវត្តអនុស្សរណៈនេះ ដើម្បីផល ប្រយោជន៍ប្រទេសទាំងពីរ។
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្វាគមន៍ដល់វិស័យឯកជន នៃប្រទេសទីម័រខាងកើត បើករោងចក្រកិន ស្រូវនៅកម្ពុជា ដើម្បីនាំចេញអង្ករទៅទីម័រខាងកើតវិញ ផងដែរ។
ចំណែក ឯកអគ្គរដ្ឋទូតទីម័រខាងកើត ប្រចាំនៅកម្ពុជា បានធ្វើការកត់សម្គាល់នូវ បំណង ក្នុងការនាំចូលអង្ករកម្ពុជាទៅប្រទេសទីម័រខាងកើត ដើម្បីផ្គត់ផ្គងទៅទីផ្សារទីម័រខាងកើត ក្រោយពីបញ្ហាជាប់គាំងនយោបាយនៅប្រទេសទីម័រខាងកើត ត្រូវបានដោះស្រាយ ហើយក៏បានជម្រាបជូនថា ប្រទេសទីម័រខាងកើតមានកសិផលមួយចំនួ នដែលអាចនាំ ចេញមកទីផ្សារកម្ពុជាផងដែរ។
ក្រៅពីនោះ ឯកអគ្គរដ្ឋទូត បញ្ជាក់ថានៅក្នុងវិស័យប្រេងឥន្ធនៈរបស់ទីម័រខាងកើត គឺកំពុងតែត្រូវការកម្មករ ហើយចំពោះកម្ពុជា រដ្ឋាភិបាលទីម័រខាងកើតនឹងផ្ដល់ការងារ ក្នុងវិស័យនេះចំនួន ៣.០០០ កន្លែងជូនដល់កម្ពុជា៕EB