អង់គ្លេស៖ព្រះរាជវាំង Buckingham ប្រកាសថា ព្រះមហាក្សត្រី Elizabeth II របស់ប្រទេសអង់គ្លេស បានសោយទិវង្គត ក្នុងព្រះជន្ម៩៦ព្រះវស្សា នេះបើយោងតាមសារព័ត៌មាន Sky News និង BBC របស់អង់គ្លេសចេញផ្សាយមុននេះបន្តិច។

ព្រះមហាក្សត្រិយានី Elizabeth Alexandra Mary ប្រសូតនៅថ្ងៃទី២១ ខែមេសា ឆ្នាំ១៩២៦។ ដោយ​សារព្រះអង្គម្ចាស់ Edward VIII ដាក់រាជ្យនៅឆ្នាំ១៩៣៦ ដែលនាំឱ្យព្រះអនុជរបស់ទ្រង់ George VI ត្រូវគ្រងរាជ្យជាស្តេចបន្ត នោះព្រះនាង Elizabeth ដែលមានព្រះជន្មទើបតែ ១០ព្រះវស្សា ត្រូវបា​​ន​សន្មត់​ជាអ្នកស្នងមរតក។

ព្រះមហាក្សត្រិយានី Elizabeth II បានស្នងរាជ្យបន្តនៅព្រះជន្ម ២៥ព្រះវស្សា បន្ទាប់ពីព្រះបិតាសោ​យទិវង្គតនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ១៩៥២ ។ លុះមកដល់ខែមេសា ឆ្នាំ២០២២ ម្ចាស់ក្សត្រី Elizabeth II បានបំបែកឯកទគ្គកម្ម ជាមហាក្សត្រស្រីដែលសោយរាជ្យយូរបំផុត។

ឈានដល់ព្រះជន្ម ៩៦ ព្រះវស្សា ​ម្ចាស់ក្សត្រី Elizabeth II បានក្លាយជាមហាក្សត្រិយានីដែលសោ​យ​រាជ្យចាស់ជាងគេ និងជាព្រះមហាក្សត្រស្រីអង់គ្លេសដែលមានវ័យចំណាស់បំផុតមិនធ្លាប់មាន។ ម្ចាស់​ក្ស​ត្រី Elizabeth II បានបំបែកឯកទគ្គកម្មពីមុន ដែលគ្រប់គ្រងដោយម្ចាស់ក្សត្រី Victoria។ កាល​ណោះម្ចាស់ក្សត្រី Victoria សោយរាជ្យរហូតដល់ ៨១ឆ្នាំ និង ២៤៤ថ្ងៃ។

រយៈពេល ៧០ឆ្នាំ នៃគ្រងរាជបល្ល័ង្ក ព្រះមហាក្សត្រិយានីរបស់ចក្រភពចអង់គ្លេស Elizabeth បាន​ក្លា​យ​ជាក្សត្រីដែលកាន់អំណាចយូរជាងគេក្នុងប្រវត្តិសាស្ត្រ។ ទ្រង់មានព្រះជន្ម ៩៦​ព្រះវស្សា ទ្រង់បានបំ​បែកកំ​ណត់ត្រាពិភពលោកដល់ទៅ ៤ ឯណោះ។

សូមបញ្ជាក់ថា បើតាមគេហទំព័រSunday Times Rich List ក្នុងឆ្នាំនេះបានប៉ាន់ប្រមាណទ្រព្យសម្បត្តិរ​បស់ម្ចាស់​ក្សត្រី Elizabeth II មានចំនួន ៣៧០លានផោន(ជាង ៤៦៣លានដុល្លារអាមេ​រិក)។ទ្រព្យ​ស​ម្បត្តិ​របស់​​ស្ដេចស្រីអង្គ​នេះ​បា​​នកើនឡើងបន្ថែមចំនួន១០លានផោន ដោយសារទ្រព្យសម្បត្តិប​ន្សល់​​ទុកដោយ​ព្រះស្វា​មីរបស់​ទ្រង់ គឺព្រះអង្គម្ចាស់ Philip ដែលបានសោយទិវង្គត កាលពីឆ្នាំ២០២១៕SP

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ