អង់គ្លេស៖ កន្លងមកលោកអ្នកធ្លាប់បានដឹងហើយថា សត្វឆ្កែមានសមត្ថភាពពិសេសក្នុងការជួយកិច្ចការរបស់ប៉ូលិសជំនាញដូចជា អាចហិតក្លិន ដើម្បីស្វែងរកគ្រឿងញៀន គ្រឿងផ្ទុះ និងកន្លែងលាក់សាកសពជាដើម។ យ៉ាងណាក្តី គេកម្រប្រទះឃើញណាស់ចំពោះករណីដែលគេប្រើប្រាស់សត្វឆ្កែ ដើម្បីជួយសម្រួលក្នុងកិច្ចការរបស់ក្រុមគ្រូពេទ្យ ឬកិច្ចការផ្សេងៗក្នុងផ្នែកវេជ្ជសាស្ត្រ។បើទោះជាយ៉ាងនេះក្តី អ្នកជំនាញអង់គ្លេសបានឲ្យដឹងថា គេអាចប្រើប្រាស់សត្វឆ្កែដើម្បីជួយហិតស្វែងរកក្លិនមេរោគ និងជំងឺមួយចំនួនបានផងដែរ ហើយពេលនេះគេកំពុងតែបង្វឹកសត្វឆ្កែឲ្យចេះហិតក្លិនរកមេរោគកូវីដ ១៩ ទៀងផង នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន bangkokpost ។ ក្រុមអ្នកជំនាញបានអះអាងថា គ្រប់មេរោគទាំងអស់មានក្លិនរបស់វាផ្សេងៗគ្នាតែមនុស្សធម្មតាមិនអាចសម្គាល់ដឹងក្លិននោះបានឡើយ លើកលែងតែសត្វដែលមានញាណពិសេសដូចជាសត្វឆ្កែជាដើម។

ព្រោះហេតុផលនេះហើយទើបអាជ្ញាធរសុខាភិបាលអង់គ្លេសបានសម្រេចបង្កើតមជ្ឈមណ្ឌលបង្វឹកសត្វឆ្កែមួយមានឈ្មោះថា Medical Detection Dogs តាំងពីឆ្នាំ ២០១៨ ម្លេះ ដើម្បីបង្ហាត់ឲ្យសត្វឆ្កែជួយហិតក្លិនរកមេរោគមួយចំនួន ហើយជាលទ្ធផលក្នុងពេលកន្លងមកនេះសត្វឆ្កែពិតជាអាចហិតដឹងក្លិនមេរោគមួយចំនួនបានមែន។ យ៉ាងណាក្តី ចំពោះមេរោគកូវីដ ១៩ ដែលជាមេរោគថ្មីវិញ សត្វឆ្កែនៅមិនទាន់អាចហិតដឹងក្លិននៅឡើយទេ តែអ្នកជំនាញអង់គ្លេសបានបង្ហាញនូវភាពសុទិដ្ឋិនិយមថា ក្នុងពេលដ៏ឆាប់ខាងមុខនេះគេនឹងអាចបង្ហាត់សត្វឆ្កែឲ្យចេះហិតរកក្លិនមេរោគកូវីដ ១៩ បានដោយជោគជ័យផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ