ក្រសួងសេដ្ឋកិច្ច ៖ កម្ពុជាចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍសរុប ១ពាន់លានដុល្លារ រយៈពេល ៩ខែ ឆ្នាំ២០២៣
ភ្នំពេញ ៖ រយៈពេល៩ខែ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍនានា សរុបចំនួន ១ពាន់លានដុល្លារ។ នេះបើតាមព្រឹត្ដិបត្រស្ថិតិបំណុលសាធាណៈកម្ពុជា ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា «សរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី៣ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ១ប៊ីលានដុល្លារ សមមូលនឹង ៧៦២.៥២ លានអេសដេអ៊ែរ ស្មើនឹងប្រមាណ ៤៥% នៃពិតានដែលច្បាប់អនុញ្ញាត (១ ៧០០ លានអេសដេអ៊ែរ) ក្នុងនោះក្របខ័ណ្ឌទ្វេភាគី មានប្រមាណ ៤៥% និងក្របខ័ណ្ឌពហុភាគី មានប្រមាណ ៥៥%»។
ក្រសួងសេដ្ឋកិច្ច បានឲ្យដឹងទៀតថា បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំទៅការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី សរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី៣ ឆ្នាំ២០២៣នេះ មានមានការថយចុះប្រមាណ ១៧%។ ជារួម, ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមាន កម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ ៤៣%។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទាន ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ