ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់អំពីជំហររបស់កម្ពុជា ក្នុងការគ្រប់គ្រងធនធានធម្មជាតិ គឺការប្រកាសយុទ្ធនាការ «បណ្តុះកូនឈើ ១លានដើម ក្នុង១ឆ្នាំ» ជូនដល់ប្រជាពលរដ្ឋដាំ។

ឆ្លៀតក្នុងឱកាសពីការចូលរួមសន្និសីទកំពូលបណ្តាភាគីលើកទី២៨ (COP-28) នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNCCC) នៅទីក្រុងឌូបៃ ប្រទេសអារ៉ាម់រួម លោករដ្ឋមន្ត្រី បានដឹកនាំប្រតិភូកម្ពុជាចូលរួមប្រជុំទ្វេភាគី ជាមួយ លោកស្រី Juliette Biao ប្រធានលេខាធិការដ្ឋាន នៃវេទិកាសហប្រជាជាតិ ស្តីពីព្រៃឈើ នារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងបរិស្ថាន ទើបបានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨។

លោករដ្ឋមន្ត្រី បន្ដថា ក្នុងនោះបានកំណត់ដាក់ចេញនូវការងារអាទិភាពមានដូចជា យុទ្ធនាការកាត់បន្ថយប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបាននិងកំពុងមានការគាំទ្រ និងចូលរួម ពីសំណាក់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កម្មករ កម្មការនី រោងចក្រ និងអ្នកចូលរួមផ្សេងទៀត ដែលមានប្រជាជនសរុបចំនួន ៣,៤លាននាក់។

លោករដ្ឋមន្ត្រី ក៏គូសបញ្ជាក់ផងដែរអំពីជំហររបស់កម្ពុជាក្នុងការគ្រប់គ្រងធនធានធម្មជាតិ គឺការប្រកាសយុទ្ធនាការ «បណ្តុះកូនឈើ ១លានដើម ក្នុង១ឆ្នាំ» ជូនដល់ប្រជាពលរដ្ឋដាំ ក្នុងគោលបំណងដើម្បីបណ្តុះមនសិកាប្រជាពលរដ្ឋ ពិសេសសិស្សានុសិស្ស ឱ្យចូលរួមជាមួយក្រសួងបរិស្ថាន ស្រលាញ់ និងថែរក្សាព្រៃឈើដើម្បីជាប្រយោជន៍យូរអង្វែងសម្រាប់ប្រជាជនគ្រប់រូប។ រួមជាមួយគ្នានេះដែរ គឺការអនុវត្ត Article 6  តាមរយៈការប្រែគោលនយោបាយដែលមានស្រាប់ទៅជាការអនុវត្តជាក់ស្តែង។ ទន្ទឹមនឹងនោះ ក្រសួងបរិស្ថាន នឹងអនុវត្តច្បាប់ ១០០% ដោយមិនលើកលែងចំពោះបុគ្គលដែលបង្កបទល្មើសធនធានធម្មជាតិផងដែរ។

លោកស្រី Juliette Biao ប្រធានលេខាធិការដ្ឋាន នៃវេទិកាសហប្រជាជាតិ ស្តីពីព្រៃឈើ បានសម្តែងនូវការកោតសរសើរដល់ការផ្តួចផ្តើមរបស់ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងការបង្កើតឱ្យមានយុទ្ធនាការទាំងនេះឡើង។ លោកស្រី បានបញ្ជាក់ថា ការដាក់ចេញនូវយុទ្ធនាការនេះគឺជាការសម្រេចចិត្ដដ៏ឆ្លាតវៃបំផុត គឺការបំផុសចលនាមហាជនឱ្យយកចិត្តទុកដាក់ និងចូលរួមជាមួយរដ្ឋាភិបាលក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ សម្រាប់ជាប្រយោជន៍យូរអង្វែងដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ