ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ កងអនុសេនាធំអាវុធហត្ថលេខ១៧១ បានធ្វើមាតុភូមិនិវត្តន៍មកដល់មាតុភូមិកម្ពុជាវិញ ដោយសុខសុវត្ថិភាព ក្រោយបំពេញបេសកកម្មជោគជ័យ ក្រោមឆត្រអង្គការសហប្រជាជាតិ ប្រកបដោយប្រសិទ្ធិភាព និងលទ្ធផលជាទីមោទនភាពជូនជាតិ។


កម្លាំងដែលធ្វើមាតុភូមិនិវត្តន៍នាពេលនេះជាកងទី១១ ដែលបានបំពេញបេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង មានចំនួនសរុប ៧៣នាក់ ក្នុងនោះមាននារី ៣៣នាក់ ស្មើនឹង៤៧ភាគរយ។ នេះជាកងដែលមាននារី ច្រើនជាងគេបង្អស់ ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនការចូលរួមរបស់នារីក្នុងតំបន់បេសកកម្ម។


នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញទទួលកងកម្លាំងមួកខៀវកម្ពុជា ដែលបានមកដល់មាតុភូមិនាពេលនេះ។


នាយឧត្តមសេនីយ៍ បានថ្លែងថា កងអនុសេនាធំអាវុធហត្ថលេខ១៧១ បានអនុវត្តភារកិច្ចដូចកងមុនៗផងដែរ ដោយឡែកយោធិននារីក៏មានឱកាសចូលរួមសកម្មភាពការងារយ៉ាងសកម្មជូនជាតិមាតុភូមិ និងនៅលើឆាកអន្តរជាតិ ដូចបុរសដែរ ទោះបីជាស្ថិតក្នុងស្ថានភាពអសន្តិសុខក៏ដោយ ដែលនេះជាការបង្ហាញពីវីរភាពរបស់កងយោធពលខេមរភូមិន្ទ។


គួរបញ្ជាក់ថា កម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវចូលរួមបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ ក្នុងចំណោម ៦៣ប្រទេសបរិច្ចាគកងកម្លាំង នាខែមេសា ឆ្នាំ២០១២៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ