រាជរដ្ឋាភិបាល មិនបានផ្ដល់គោលការណ៍អនុញ្ញាតឱ្យក្រុមហ៊ុន Vingroup របស់វៀតណាម បើកអាជីវកម្មតាក់ស៊ី នៅកម្ពុជាឡើយ
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត មិនបានផ្តល់ គោលការណ៍អនុញ្ញាត ឱ្យក្រុមហ៊ុន Vingroup របស់វៀតណាម បើកអាជីវកម្មតាក់ស៊ី នៅក្នុងប្រទេសកម្ពុជា នោះឡើយ។
យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា កាលពីថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ មានបណ្តាញផ្សាយព័ត៌មានមួយចំនួន បានផ្សព្វផ្សាយថា ក្រុមហ៊ុន Vingroup របស់វៀតណាម គ្រោងបើកក្រុមហ៊ុនតាក់ស៊ី ដោយប្រើរថយន្តអគ្គិសនីចំនួន ២ ៥០០ គ្រឿងនៅ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ ព័ត៌មាននេះបានធ្វើឱ្យមានការចាប់អារម្មណ៍ ពីសំណាក់អ្នក លេងបណ្តាញសង្គមមួយចំនួន និងបាននាំគ្នាចែកចាយបន្តដែលធ្វើឱ្យសាធារណជន មួយចំនួនយល់ច្រឡំថា ក្រុមហ៊ុននេះនឹងមកបើកអាជីវកម្ម នៅកម្ពុជាក្នុងឆ្នាំ ២០២៤។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ថា «នៅក្នុងជំនួបពិភាក្សាជាមួយ សម្តេចធិបតី កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ ប្រធានក្រុមហ៊ុន Vingroup ពិតជាបានលើកសំណើ និងបានបង្ហាញបំណងចង់ មកវិនិយោគបើកក្រុមហ៊ុនតាក់ស៊ី ដោយប្រើរថយន្តអគ្គិសនី នៅកម្ពុជាពិតមែន។ ប៉ុន្តែ សម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនបានផ្តល់ គោលការណ៍អនុញ្ញាត តាមសំណើរបស់ក្រុមហ៊ុននោះទេ»៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ