នាវាទេសចរណ៍ Westerdam នឹងចុះចតនៅខេត្តព្រះសីហនុ នាថ្ងៃទី២៨ ធ្នូ ហើយអាជ្ញាធរខេត្ត ចាត់ទុកជាឱកាសបង្ហាញពិភពលោកពីសក្ដានុពលរបស់កម្ពុជា
ភ្នំពេញ ៖ នាវាទេសចរណ៍ដ៏ល្បីឈ្មោះ Westerdam នឹងចុះចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុម្ដងទៀត នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ក្រោយធ្លាប់ចុះចតកាលពី៣ឆ្នាំមុន ដោយសារបញ្ហាកូវីដ១៩។
ជាមួយនឹងការវិលត្រឡប់មកខេត្តព្រះសីហនុវិញរបស់នាវាទេសចរណ៍អន្តរជាតិដ៏ធំនេះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអះអាងថា រដ្ឋបាលខេត្តព្រះសីហនុ បានត្រៀមរៀបចំបដិសណ្ឋារកិច្ចយ៉ាងល្អ ដើម្បីទទួលស្វាគមន៍នាវាទេសចរណ៍មួយនេះ។
លោក ឡុង ឌីម៉ង់ បានចាត់ទុកការវិលត្រឡប់របស់នាវាទេសចរណ៍ Westerdam ម្ដងទៀត ជាឱកាសសម្រាប់បង្ហាញពិភពលោក ពីសក្ដានុពលរបស់កម្ពុជា ជាពិសេសខេត្តព្រះសីហនុ និងទាក់ទាញអ្នកវិនិយោគមកខេត្តទៀតផង។
លោកអភិបាលរងខេត្តរូបនេះ បានបន្ថែមថា រដ្ឋបាលខេត្តខេត្តព្រះសីហនុ នឹងរៀបចំពិធីទទួលទេសចរ និងការរំលឹកខួប៣ឆ្នាំ នៃការសុំចតរបស់នាវា Westerdam នេះផងដែរ។
នាវាទេសចរណ៍អាម៉េរិក Westerdam នឹងត្រូវចុះចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេលពេញមួយថ្ងៃ គឺនៅថ្ងៃទី២៨ ខែធ្នូ ដោយផ្ទុកភ្ញៀវទេសចរ ជាង ១,៥០០នាក់។ ក្នុងចំណោម ទេសចរទាំងនេះ មានជាង ៩០០នាក់ នឹងត្រឡប់ទៅតាមនាវាវិញ រីឯជាង ៦០០នាក់ទៀត នឹងនៅទស្សនាកម្ពុជាបន្ត។
សូមរំលឹកថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យនាវាទេសចរណ៍អាម៉េរិក ដែលមានឈ្មោះថា Westerdam ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ក្រោយពីប្រទេស និងកោះចំនួន៥ បានបដិសេធលើការស្នើសុំចតរបស់ក្រុមហ៊ុន Holland America Line ដោយសារបារម្ភពីជំងឺកូវីដ១៩៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ