ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា កម្ពុជា មានទិសដៅក្នុងការប្រែក្លាយពីប្រទេសដែលប្រើប្រាស់កម្លាំងពលកម្ម ទៅជាប្រទេសប្រើកម្លាំងពលកម្មតិចតួច និងប្រែក្លាយជាប្រទេសប្រើប្រាស់មូលធនជំនាញ។

នាឱកាសអញ្ជើញទទួលជួបពិភាក្សាទ្វេភាគីជាមួយលោកស្រី Melissa Brown ឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនអំពីច្បាប់វិនិយោគរបស់កម្ពុជា ដែលបើកទូលាយជូនចំពោះគ្រប់វិនិយោគិនពីបណ្ដាប្រទេសនានា អាចចូលមកវិនិយោគក្នុងប្រទេសកម្ពុជាលើគ្រប់វិស័យ និងមានការលើកទឹកចិត្តលើវិស័យមួយចំនួនដែលកំណត់ដោយច្បាប់។

លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា «កម្ពុជា មានទិសដៅក្នុងការប្រែក្លាយពីប្រទេសដែលប្រើប្រាស់កម្លាំងពលកម្ម ទៅជាប្រទេសប្រើកម្លាំងពលកម្មតិចតួច និងប្រែក្លាយជាប្រទេសប្រើប្រាស់មូលធនជំនាញ ដើម្បីជំរុញកម្ពុជាក្លាយជាទីតាំងខ្សែច្រវ៉ាក់ផលិតកម្មសកលផងដែរ។ ក្នុងនោះ កម្ពុជាលើកទឹកចិត្តឱ្យមានការបណ្ដាក់ទុនវិនិយោគលើរៀបចំតំបន់ឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ (High Tech Industrial Park) ដែលបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា និងផ្ដល់ឱកាសជូនទាំងប្រជាពលរដ្ឋកម្ពុជា និងសម្រាប់តំបន់ផងដែរ»។  

ឆ្លើយតបការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី អំពីការផ្ដល់ជូនវ៉ាក់សាំងកូវីដ-១៩មកកម្ពុជា លោកស្រី Melissa Brown បានឆ្លៀតយកឱកាសនេះបង្ហាញការកោតស្ញប់ស្ញែងពីការអភិវឌ្ឍនៅកម្ពុជា ហើយបានសម្តែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលកាលពីឆ្នាំ២០២០កន្លងទៅ កំឡុងពេលដូចគ្នានៃជំងឺរាតត្បាតកូវីត-១៩ កម្ពុជាបានអនុញ្ញាតឱ្យនាវាទេសចរណ៍ខ្នាតធំ Westerdam របស់សហរដ្ឋអារមេរិកចូលចតនៅកម្ពុជា។ នាវាទេសចរណ៍ខ្នាតធំនេះនឹងត្រឡប់មកកម្ពុជាវិញនៅថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០២៣ ជាមួយនឹងអ្នកទេសចរណ៍ប្រមាណជាង ៤០០០នាក់។

ទន្ទឹមនឹងនេះ លោកស្រី ឧបការីរងរដ្ឋមន្ត្រីការបរទេស បានបង្ហាញចំណាប់អារម្មណ៍ផងដែរក្នុងការពិនិត្យរួមគ្នា អំពីកិច្ចសហប្រតិបត្តិការលើការងារអភិរក្សសង្គម-វប្បធម៌ ការសិក្សាអប់រំ សុខាភិបាល ក៏ដូចជាកិច្ចកាងារវិនិយោគលើវិស័យជាសក្តានុពល របស់ប្រទេសទាំងពីរ ដោយក្នុងនោះ លោកស្រីបានស្នើសុំឱ្យកម្ពុជាពិនិត្យលទ្ធភាពកែលម្អលើចំណុចមួយចំនួនពាក់ព័ន្ធនឹងពន្ធដារ  តម្លាភាព និងប្រសិទ្ធភាពនៃបទដ្ឋានគតិយុត្តដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងកន្លងមក៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ