ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានក្រើនរំលឹកជាថ្មី ដល់មន្ត្រីគ្រប់រូប ជាពិសេសមន្ត្រីអនុវត្តការងារ នៃក្រសួងអធិការកិច្ច ត្រូវទាមទារឲ្យមានភាពច្បាស់លាស់ ខណៈ សម្តេច បារម្ភថា ខ្លាចបំផុតគឺយកឯកសារដែលត្រឹមត្រូវ ទៅឲ្យអ្នកមិនច្បាស់កែលំអរ។ ក្នុងន័យនេះ សម្តេចចង់សំដៅទៅលើមន្រ្តីនៃក្រសួងអធិការកិច្ច ត្រូវតែមានជំនាញច្បាស់លាស់ ។
ថ្លែងក្នុងពិធី “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច” នាថ្ងៃទី១៣ កុម្ភៈ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមឲ្យពិនិត្យកិច្ចការងារ៣ ធនធានមនុស្ស យន្តការ និងរបៀបរបបការងារ និងបទដ្ឋានគតិយុត្តិ ។ ទី១- ធនធានមនុស្ស គឺយកចិត្តទុកដាក់ ក្នុងការកសាងមូលធនមនុស្ស នៅក្នុងវិស័យអធិការកិច្ច។
ក្នុងនោះ សម្តេចធិបតី សង្កត់ធ្ងន់ថា «យើងត្រូវធ្វើការត្រួតពិនិត្យ ទៅឆែកគេយ៉ាងម៉េច បើយើងអត់សមត្ថភាពខ្លួនឯង អត់ច្បាស់ខ្លួនឯង ។ ខ្លាចបំផុត គឺយកឯកសារដែលត្រឹមត្រូវយកទៅឲ្យអ្នកមិនច្បាស់កែ ។ អ្នកមិនច្បាស់ខ្លះ គាត់អត់ហ៊ាន តែអ្នកមិនច្បាស់ខ្លះហ៊ាន ហើយហ៊ានហ្នឹងគឺរឹងណាស់ ចឹងធ្វើឲ្យខូចការទាំងអស់។ ទីបំផុតជំនាញលែងច្បាស់លាស់ គេធ្វើពីក្រោមច្បាស់លាស់ ឡើងទៅដល់លើវាយតម្លៃខុស ផ្អែកទៅលើការងារមិនច្បាស់លាស់ ធ្វើឲ្យថ្នាក់ក្រោមគាត់បាក់ទឹកចិត្ត ឬមួយក៏កែប្រព័ន្ធការងារពីច្បាស់លាស់ ទៅមិនច្បាស់លាស់»។
សម្តេចធិបតី បញ្ជាក់ទៀតថា «ចឹងទាមទារឲ្យមន្ត្រីអធិការកិច្ចនីមួយៗ អង្គភាពអធិការកិច្ចនីមួយៗ ត្រូវមានធនធានមនុស្សដែលច្បាស់លាស់ ដើម្បីធ្វើកិច្ចការងារនេះ ហើយត្រូវយកចិត្តទុកដាក់ឲ្យមែនទែន ព្រោះបើយើងអត់ច្បាស់ ទៅចាប់គេទៅឲ្យយោបល់ពីណា បើយើងអត់ច្បាស់»៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ