ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រកាន់ខ្ជាប់នូវអនាម័យល្អ ដើម្បីសុខភាពល្អ និងគ្រួសារមានសុភមង្គល ហើយភាពស្អាតនេះ គឺស្អាតចេញពីចិត្ត ដូចនេះថ្ងៃអនាគតមិនមែនស្អាតតែទិដ្ឋភាពនោះទេ គឺស្អាតទាំងសង្គមកម្ពុជា។


ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានណែនាំដល់មន្រ្កីក្រសួងបរិស្ថាន ក៏ដូចជាមន្ត្រីនៅតាមមន្ទីរនានាន បន្តអនុវត្តឱ្យជាប់ជាប្រចាំចំពោះភាពស្អាត និងការធ្វើអនាម័យល្អជាដើម។ ព្រមជាមួយគ្នានេះដែរ ត្រូវចូលរួមប្រឹងប្រែងអនុវត្តន៍ទិសដៅស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្រសួងបរិស្ថាន ២០២៣-២០២៨។


លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្តថា មន្ត្រីរាជការមានតួនាទីចូលរួមផ្សព្វផ្សាយពីបញ្ហាបរិស្ថាន អនាម័យដល់សិស្សសាលាទាំងអស់ឱ្យចូលរួមសម្អាតផ្ទះសម្បែង សម្អាតមូលដ្ឋាន ការបណ្តុះគំនិតស្រឡាញ់បរិស្ថាន ភាពស្អាតនៅជុំវិញខ្លួន។ ការបណ្តុះគំនិតស្រឡាញ់បរិស្ថាន និងភាពស្អាតនេះមិនត្រឹមតែធ្វើឱ្យខ្លួនយើងស្អាតនោះទេ ប៉ុន្តែធ្វើឱ្យសង្គមយើងស្អាត ខ្លួនឯងមានភាពរីករាយ និងគ្រួសារមានសុភមង្គល។


ទន្ទឹមនឹងនេះដែរ លោកបណ្ឌិតរដ្ឋមន្ត្រី បានបញ្ជាក់ថា ភាពស្អាត និងសុខភាពប្រជាពលរដ្ឋ ជាការងារអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី៧ បាននឹងកំពុងយកចិត្តទុកដាក់។ ដូចនេះ ការទុកដាក់សំរាម ក៏ផ្នែកមួយនៃការស្តែងឡើងនូវអាកប្បកិយា និងឥរិយាបទ មានន័យថាពីការប្រតិបត្តិរបស់មនុស្ស និងអំពើរបស់មនុស្ស ដែលបាននឹងកំពុងប្រព្រឹត្តនៅក្នុងសង្គម។ ការយល់ដឹងពីការទុកដាក់សំរាម និងការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក មានការប្រែប្រួលវិជ្ជមាន តាមរយៈការបង្កើតឡើងនូវបទបញ្ញតិ បទដ្ឋានគតិយុត្ត ច្បាប់នានា ស្របតាមការអភិវឌ្ឍប្រទេសជាតិ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ