ភ្នំពេញ ៖ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោក លី សៀន ឡុង ( Lee Hsien Loong) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។

ជាកិច្ចចាប់ផ្តើម ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគ្នាទៅវិញទៅមក ដោយក្ដីសោមនស្សរីករាយ ដោយបានជួបគ្នាសារជាថ្មី បន្ទាប់ពីជំនួបលើកទី១ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីខែកញ្ញា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីការកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួនដូចជា វិស័យនយោបាយ ពាណិជ្ជកម្មនិងសេដ្ឋកិច្ច ទេសចរណ៍ សន្ដិសុខថាមពល និង ការពារជាតិនិងសន្ដិសុខ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរទស្សនៈអំពីកិច្ចជំរុញកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរទស្សនកិច្ចកម្រិតថ្នាក់ដឹកនាំប្រទេសទាំងពីរ ការតភ្ជាប់ និងការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាដើម។

ចំពោះវិស័យនយោបាយ ថ្នាក់ដឹកនាំទាំងពីរ បានកត់សម្គាល់ពីសារៈសំខាន់ និងអត្ថប្រយោជន៍នៃការរៀបចំកិច្ចពិគ្រោះនយោបាយឡើងវិញ និង បានឯកភាពជំរុញឱ្យមានកិច្ចពិគ្រោះយោបល់នយោបាយលើកទី២ រវាងកម្ពុជា និងសិង្ហបុរី នៅពេលខាងមុខ។

ក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពលើការជំរុញឱ្យមានទំនាក់ទំនងកាន់តែល្អប្រសើរ ដោយបានលើកទឹកចិត្តឱ្យមានការជំរុញកិច្ចសហប្រតិប្តតិរវាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាឱ្យមានគំនិតផ្តួចផ្តើម និង ផែនការសកម្មភាពជាក់លាក់។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពគ្នាទៅលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដែលរួមចំណែកដល់ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអិនធើណែត (Cybercrime) ល្បែងស៊ីសងអនឡាញច្បាប់នានា។

ពាក់ព័ន្ធនឹងវិស័យសន្តិសុខថាមពល សម្ដេចធិបតី បានជម្រាបជូនលោក នាយករដ្ឋមន្រ្តី សិង្ហបុរីថា នាឱកាសនៃជំនួបជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី កាលពីថ្ងៃទី២៧ ខែកុម្ភៈ ថ្មីៗនេះ ភាគីម៉ាឡេស៊ី បានឯកភាព និងគាំទ្រលើការតភ្ជាប់ បណ្តាញអគ្គីសនីកប់ក្រោមបាតសមុទ្រ ដែលជាបណ្តាញសម្រាប់តភ្ជាប់អគ្គិសនីពីឡាវមកសិង្ហបុរី កាត់តាមកម្ពុជា។

ដោយឡែក ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ សម្ដេចធិបតី បានជម្រាបជូនទៅឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរីថា ថ្មីៗនេះ កម្ពុជាបានដាក់ចេញនូវ កម្មវិធី ទស្សនាខេត្តសៀមរាបឆ្នាំ ២០២៤  ការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងការរៀបចំនូវយន្តការនៃការជំរុញវិស័យទេសចរណ៍នៅកម្ពុជា ដោយមានការចូលរួមពីវិស័យឯកជន។

សម្ដេចធិបតី បានជម្រាបជូន លោកនាយករដ្ឋមន្រ្តីសិង្ហបុរីថា ប្រទេសទាំងពីរគួរបង្កើននូវកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត តាមរយ:កាបង្កើតផលិតផលទេសចរណ៍ឱ្យកាន់តែមានភាពសម្បូរបែប និងទាក់ទាញ បង្កនូវភាពងាយស្រួល និងពង្រីកជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរ  និងលើកកម្ពស់នូវទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីស្វែងរកសក្តានុពលថ្មីៗនៃវិស័យទេសចរណ៍ ប្រទេសទាំងពីរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ