ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា លើសពីកម្មវិធីជួបជុំ កម្សាន្តសប្បាយតាមទំនៀមទម្លាប់ប្រពៃណីជាតិ ដែលរាជរដ្ឋាភិបាល ក៏ដូចជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់រៀបចំសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស បុណ្យចូលឆ្នាំថ្មី បានឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។
តាមរយៈសារតេឡេក្រាម នាថ្ងៃទី៦ មេសា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ជាក់ស្តែង ទី១- រថយន្តក្រុងសាធារណៈរាប់រយគ្រឿងត្រូវបានរៀបចំ ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋពីភ្នំពេញទៅស្រុកកំណើត និងពីស្រុកកំណើតមកភ្នំពេញវិញដោយឥតគិតថ្លៃ។ ក្រៅពីផ្តល់ផលចំណេញយ៉ាងច្រើនដល់ប្រជាពលរដ្ឋនិងកម្មករ កម្មការិនី ដោយពួកគេមិនបាច់ចំណាយលើថ្លៃធ្វើដំណើរ រថយន្តក្រុងក៏ផ្តល់ជូននូវការធ្វើដំណើរប្រកបដោយផាសុកភាព និងអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវទៀតផង។
ទី២- ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះដែរ រាជរដ្ឋាភិបាលបានឧបត្ថម្ភថវិកា៥ម៉ឺនរៀលដល់មន្ត្រីរាជការស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងមន្ត្រីថ្នាក់ក្រោមជាតិរហូតដល់និវត្តជន និងជនបាត់បង់សម្បទារវិជ្ជាជីវៈទៀតផង។ ការឧបត្ថម្ភនេះ សបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះអ្នកខិតខំធ្វើការបម្រើជាតិ និងបានលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។
ទី៣- ពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃ ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំងថ្មីក៏ទទួលបានអត្ថប្រយោជន៍ដោយភាគីថៃមិនយកថ្លៃសេវាចេញ-ចូល(Re-entry Permit) ចាប់ពីថ្ងៃទី ០១ មេសា ដល់ថ្ងៃទី១៥ ឧសភា ឆ្នាំ ២០២៤ តាមសំណើររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ នេះគឺជាការយកចិត្តទុកដាក់របស់ប្រមុខដឹកនាំចំពោះពលករខ្មែរដែលធ្វើការនៅក្រៅប្រទេស។
ទី៤- សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលទើបតែចេញអនុក្រឹត្យ ស្តីពី ការដំឡើងប្រាក់បំណាច់មុខងារជូនដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងប្រាក់ឧបត្ថម្ភប្រចាំខែដល់មន្ត្រីអាជ្ញាធរថ្នាក់ក្រោមជាតិ។ នេះជាកិច្ចខិតខំប្រឹងប្រែងជាប្រចាំរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនជីវភាពអ្នកដែលធ្វើការបម្រើជាតិទាំងអស់។
ទី៥- កម្មវិធីគោលនយោបាយអាទិភាព៦ចំណុចដែលបានប្រកាសឱ្យអនុវត្តជាបន្ទាន់កាលពីចុងខែសីហា ឆ្នាំ២០២៣ ដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សុទ្ធតែផ្តោតសំខាន់ទៅលើការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រនិងងាយរងហានិភ័យ។ នេះជាគោលនយោបាយជួយប្រជាពលរដ្ឋឱ្យកាន់តែមានជីវភាពធូរធារឡើងជាលំដាប់។
ទី៦- ក្នុងយុទ្ធសាស្ត្របញ្ចកោណ គោលដៅដ៏សំខាន់បំផុតរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ពោលគឺជាប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំ មានកិត្យានុភាពខ្ពស់ ប្រជាពលរដ្ឋមានជីវភាពធូរធារ មានចំណេះដឹងនិងសីលធម៌ល្អ រស់នៅក្នុងបរិស្ថានបៃតង បរិយាកាសល្អបរិសុទ្ធ និងទទួលបានការគាំពារគ្រប់យ៉ាងពីសង្គម៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ