គ.ជ.ប អាណត្តិថ្មី ប្រកាសជំហរឥតងាករេ ដើម្បីរួមចំណែកកសាងលទ្ធិប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោតនៅកម្ពុជា
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប ) ដែលទើបទទួលបាននូវការតែងតាំងថ្មី បានប្តេជ្ញាចិត្ត និងជាជំហរឥតងាករេ ដើម្បីរួមចំណែកកសាងលទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត នៅព្រះរាជាណាចក្រកម្ពុជា។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រោយពីការបោះឆ្នោតជ្រើសតាំងសភាធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលរៀបចំដោយអាជ្ញាធរ បណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដែលហៅកាត់ថា “អ៊ុនតាក់” កម្ពុជាបានប្តេជ្ញាចិត្តរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតដោយខ្លួនឯងផ្ទាល់ សំដៅធានាឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីបានប្រកាសចូលកាន់តំណែង កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី ត្រូវបន្តបេសកកម្មរបស់ខ្លួន ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតអសកលចំនួនពីរនៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ស្របតាមការកំណត់នៃច្បាប់។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលទើបទទួលបាននូវការតែងតាំងថ្មី គ្មានជម្រើសអ្វីក្រៅពីបន្តបេសកកម្មរបស់ខ្លួនឱ្យបានល្អ រៀបចំការបោះឆ្នោតទៅតាមអាណត្តិឱ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលយកបានពីម្ចាស់ឆ្នោត និងភាគីពាក់ព័ន្ធ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្ដីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ដែលការនេះ ជាការប្តេជ្ញាចិត្ត និងជាជំហរឥតងាករេ ដើម្បីរួមចំណែកកសាងលទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត នៅព្រះរាជាណាចក្រកម្ពុជា៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ