បង្ក្រាបទីតាំង ថាំង ហួយក្លឹប នៅសង្កាត់បឹងត្របែក ដែលបន្លំចែកចាយ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនបរទេស ១១១នាក់ និងរកឃើញថ្នាំញៀនប្រមាណ ៥គីឡូក្រាម
ភ្នំពេញ ៖ កម្លាំងជំនាញមន្ទីរប្រឆាំបទល្មេីសគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលស្នងការដ្ឋានរាជធានីភ្នំពេញ បានឆ្មក់ចូលបង្ក្រាបទីតាំងក្លិបកម្សាន្តមួយកន្លែង ដែលបន្លំចែកចាយប្រើប្រាស់គ្រឿងញៀន ឈ្មោះ ថាំង ហួយក្លឹប នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មេីសគ្រឿងញៀន ដែលដឹកនាំផ្ទាល់ប្រតិបត្តិការបង្ក្រាបនេះ បានបញ្ជាក់ថា ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជារបស់ឧត្ដមសេន៍យ៍ ព្រុំ សន្ធរ និងឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការទទួលផែនប្រឆាំងគ្រឿងញៀន កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួល ពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ នៅម៉ោងប្រមាណ ១រំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ បានឆ្មក់ចូលបង្ក្រាបទីតាំង ថាំង ហួយក្លឹប។
លោកឧត្តមសេនីយ៍ឯកបន្តថា ក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបនេះ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស ១១១នាក់ (ស្រី៥០នាក់) ដែលមានជនជាតិចិន វៀតណាម និងកម្ពុជា យកមកសាកសួរ មុននឹងសម្រេចបន្តនីតិវិធី ចំណែកឯវត្ថុតាងមានថ្នាំញៀន៥គីឡូក្រាម ត្រូវបានកម្លាំងជំនាញរឹបអូស។
បច្ចុប្បន្នសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន កំពុងសាកសួរ ធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យទាំងអស់ ដើម្បីស្រាវជ្រាវបង្ក្រាប មេខ្លោង អ្នកជូញដូរ អ្នកញៀនគ្រឿងញៀន និងកសាងសំណុំរឿងប្រមូលភស្តុតាងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់។
សូមជម្រាបថា នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យមន្ទីរប្រឆាំងគ្រឿងញៀន ប្រើប្រាស់កណ្តាប់ដៃដែក ធ្វើការបោសសម្អាតឧក្រិដ្ឋជនគ្រឿងញៀនឱ្យអស់ ពិសេសនៅតាមក្លិបកម្សាន្ត។ មន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានប្តេជ្ញាចិត្តថានឹងចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដឲ្យអស់ នូវបញ្ហាគ្រឿងញៀននេះ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ