សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ក្នុងពេលយ៉ាងខ្លី កម្ពុជា ក្លាយជាប្រទេសគំរូមួយ លើពិភពលោក ចំពោះការកំចាត់ជំងឺរបេង ប្រកបដោយប្រសិទ្ធភាព
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ២០ឆ្នាំមុន ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេសដែលមាន អត្រាអ្នកកើតជំងឺរបេងខ្ពស់ជាងគេ ក្នុងពិភពលោក តែក្នុងរយៈពេលយ៉ាងខ្លី កម្ពុជាបានក្លាយជាប្រទេសគំរូមួយ លើពិភពលោកចំពោះការងារ កំចាត់ជំងឺរបេង យ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព ។
យោងតាមសារលិខិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសប្រារព្ធទិវាពិភពលោក កំចាត់រោគរបេង ក្រោមប្រធានបទ «មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន» នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ បានលើកឡើងថា “ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមសម្ដែងនូវ ការអបអរសាទរ ជាមួយបងប្អូនជនរួមជាតិទាំងអស់ នាឱកាសប្រារព្ធទិវាពិភពលោក កំចាត់រោគរបេង ដែល ប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «មែនហើយ! យើងអាចបញ្ចប់ជំងឺ របងបាន» (Yes! We Can End TB)”។
ជាមួយគ្នានេះ សម្តេចធិបតី បានគូសរំលេចថា ការប្រារព្ធទិវានេះ គឺក្នុងគោលបំណងបន្តជំរុញ និងបង្ហាញនូវការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការលើកកម្ពស់ការគាំពារសុខភាព របស់ប្រជាពលរដ្ឋ ឱ្យបានកាន់តែទូលំទូលាយ ព្រមទាំងបំផុសការយល់ដឹង លើការប្រយុទ្ធ នឹងជំងឺរបេង ផ្សព្វផ្សាយ ជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យ បានយល់អំពីបញ្ហា និងផលវិបាក នៃជំងឺរបេង សំដៅចូលរួមចំណែក លើកកម្ពស់សុខុមាលភាពរបស់ សង្គមជាតិទាំងមូល។
ក្នុងឱកាសនេះ សម្តេចធិបតី បានគូសបញ្ជាក់ថា “ព្រះរាជាណាចក្រកម្ពុជា បានសម្រេចសមិទ្ធផល គួរជាទីមោទនៈ ក្នុងការប្រយុទ្ធនឹងជំងឺរបេងអស់ រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខណៈដែល ២០ឆ្នាំមុន ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេសដែលមាន អត្រាអ្នកកើតជំងឺរបេងខ្ពស់ជាងគេក្នុងពិភពលោក តែក្នុងរយៈពេលយ៉ាងខ្លី កម្ពុជាបានក្លាយជាប្រទេសគំរូមួយ លើពិភពលោកចំពោះការងារកំចាត់ជំងឺរបេង យ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព” ។
សម្តេចធិបតី មានប្រសាសន៍ថា “លទ្ធផល ដ៏គាប់ប្រសើរនេះ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់ប្រជាជាតិយើង ដែលក្នុងនោះរាជរដ្ឋាភិបាល បានពង្រីកសេវាពិនិត្យ និងព្យាបាលជំងឺរបេង តាមយុទ្ធសាស្រ្តដូតស៍ នៅគ្រប់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំងអស់ រួមទាំងថ្នាក់សហគមន៍ នៅទូទាំងប្រទេសផងដែរ។
ក្នុងនោះសម្តេចនាយករដ្ឋមន្ត្រី បន្ថែមទៀតថា “យើងក៏បានធ្វើការស្រាវជ្រាវ និងផ្តល់ការព្យាបាលជំងឺរបេង ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលកិច្ចការនេះ មានការរីកចម្រើនគួរឱ្យ កត់សម្គាល់ និងជាហេតុធ្វើឱ្យអត្រាឈឺនិងស្លាប់ ដោយសារជំងឺរបេងក្នុងប្រទេសកម្ពុជា មានការធ្លាក់ចុះ យ៉ាងខ្លាំង ធៀបនឹងប្រទេសដទៃ”។
សូមរំលឹកថា អត្រាស្លាប់ដោយសារជំងឺរបេង បានថយចុះក្នុងអត្រា ៤៥% ពី ៤២ករណី ក្នុងចំណោមប្រជាពលរដ្ឋ ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម ២៣ករណី ក្នុងចំណោមប្រជាពលរដ្ឋ ១០០ ០០០នាក់ ក្នុងឆ្នាំ២០២២។ រីឯករណីឆ្លងជំងឺរបេងថ្មីក៏បានធ្លាក់ចុះពី ៥៧៩ ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម ៣២០ករណី ក្នុងចំណោមប្រជា ជន ១០០ ០០០នាក់ នៅឆ្នាំ២០២២ គឺបានថយចុះ ៤៥% ផងដែរ៕EB