ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ការចាត់វិធានការនានារបស់អាជ្ញាធរម៉ាឡេស៊ី ចំពោះអ្នកគ្រោងធ្វើបាតុកម្មប្រឆាំង ដំណើរទស្សនកិច្ចបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជាការអនុវត្តតាមគោលការណ៍អាស៊ាន។

ការបំភ្លឺនេះ របស់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានព័ត៌មានថា អាជ្ញាធរម៉ាឡេស៊ី បានព្រមានអំពីវិធានការចំពោះក្រុមប្រឆាំងកម្ពុជា ក្នុងប្រទេសរបស់ខ្លួន ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើបាតុកម្មប្រឆាំងនឹង សម្តេចធិបតី ហ៊ុន ម៉ាណែត។

តាមរយៈសេចក្ដីបំភ្លឺរបស់ អ្នកនាំពាក្យក្រសួងការបរទេស នៅថ្ងៃទី២៦ កុម្ភៈ នេះ ជាគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សិទ្ធិនៃការសម្ដែងមតិ ត្រូវស្ថិតក្នុងក្របខ័ណ្ឌនីតិរដ្ឋ។ កន្លងមកមានការអធិប្បាយ និងបកស្រាយជាច្រើនអំពីសិទ្ធិសម្ដែងមតិ ក្នុងឱកាសដំណើរទស្សនកិច្ច ផ្លូវការរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៅប្រទេសម៉ាឡេស៊ី តែពុំមានការនិយាយអំពីច្បាប់ និងគោលការណ៍នានាឡើយ។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេស បានឱ្យដឹងថា

១- «ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិកអាស៊ាន» គឺជាគោលការណ៍មួយ ក្នុងចំណោមគោលការណ៍នានា ដែលមានចែងក្នុងជំពូក១ មាត្រា២ នៃធម្មនុញ្ញអាស៊ាន។ កម្ពុជា និងម៉ាឡេស៊ី មិនត្រឹមតែមានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ប៉ុណ្ណោះទេ តែក៏ជាប្រទេសសមាជិកអាស៊ានដែលត្រូវគោរពយ៉ាងពេញលេញចំពោះធម្មនុញ្ញ អាស៊ាន។

២- ជាគោលការណ៍នៅក្នុងការអនុវត្តជាអន្តរជាតិ ប្រទេសម្ចាស់ផ្ទះមានកាតព្វកិច្ចធានាសេចក្តីថ្លៃថ្នូរ សន្តិសុខ សុវត្ថិភាព និងភាពរលូន នៃដំណើរទស្សនកិច្ច/ការអញ្ជើញចូលរួមកិច្ចប្រជុំនានារបស់ឥស្សរជនជាន់ខ្ពស់នៃបណ្តារដ្ឋ។ ការចាត់វិធានការនានារបស់អាជ្ញាធរមាន សមត្ថកិច្ចម៉ាឡេស៊ី គឺសំដៅធានាការគោរពយ៉ាងត្រឹមត្រូវចំពោះគោលការណ៍ដែលបាន លើកឡើងក្នុងចំណុចទី១ និងទី២នេះ។

៣- ជនបរទេស ដោយរាប់បញ្ចូលទាំងអ្នកការទូតដែលមានអភ័យឯកសិទ្ធិផងនោះ មានកាតព្វកិច្ច គោរពប្រណិប័តទៅតាមច្បាប់នៃប្រទេសដែលខ្លួនរស់នៅ/តាំងនៅ។ ដូចនេះការអនុវត្ត សិទ្ធិសម្ដែងមតិ គឺត្រូវសមស្របទៅតាមច្បាប់របស់ប្រទេសម៉ាឡេស៊ី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ