ភ្នំពេញ ៖ តាមរបាយការណ៍អង្គការសុខភាពពិភពលោកឆ្នាំ២០២៣ បង្ហាញថា អត្រាស្លាប់ដោយសារជំងឺរបេងនៅកម្ពុជាបានធ្លាក់ចុះពី ៤២ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ ក្នុងឆ្នាំ២០០០មកត្រឹម ២៣ ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់នៅឆ្នាំ២០២២ ដែលស្មើនឹងការធ្លាក់ចុះ ៤៥%។

ចំណែកឯអត្រាអាំងស៊ីដង់ក៏បានធ្លាក់ចុះពី ៥៧៩ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម ៣២០ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ នៅឆ្នាំ២០២២ ដែលស្មើនឹងការធ្លាក់ចុះ ៤៥%ផងដែរ ។

«ផ្អែកតាមចំណាត់ថ្នាក់ថ្មី នៃប្រទេសដែលមានបន្ទុកជំងឺរបេងធ្ងន់ធ្ងរ ក្នុងពិភពលោកដែលបានប្រកាសដោយអង្គការសុខភាពពិភពលោក ក្នុងត្រីមាសទី២ ឆ្នាំ២០២១ កន្លងមកនេះ បានបញ្ជាក់ថា ប្រទេសកម្ពុជាយើងពុំស្ថិតនៅក្នុងចំណោមប្រទេស៣០ ដែលមានបន្ទុកជំងឺរបេងធ្ងន់ធ្ងរ ក្នុងពិភពលោកទៀតទេ សម្រាប់រយៈពេលពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ទោះជាយ៉ាងនេះក្តីប្រទេសកម្ពុជាយើងស្ថិតនៅក្នុងតារាងបញ្ជីប្រទេសដែលនៅតែមានការគាំទ្រ ឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ រាប់បញ្ចូលទាំងអង្គការសុខភាពពិភពលោកផងដែរ»។

នេះបើតាមការថ្លែងរបស់លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន ក្នុងពិធីបើកសន្និបាតការងារកំចាត់រោគរបេងទូទាំងប្រទេសលើកទី២៧ ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលប្រព្រឹត្ដទៅនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នាសណ្ឋាគារភ្នំពេញ។

លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា បានថ្លែងបន្ដថា «ទោះបីជាយើងទទួលបានជោគជ័យយ៉ាងនេះក៏ដោយ ក៏ប្រទេសយើងនៅមានករណីជំងឺរបេងច្រើននៅឡើយ ហើយមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវដោះស្រាយដើម្បីឱ្យកម្មវីធីជាតិ សម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព (SDG) នៅចុងឆ្នាំ២០៣០ ដែលក្នុងនោះយើងមានបំណងដើម្បីកាត់បន្ថយអត្រាអាំងស៊ីដង់ ៨០% និងអត្រាស្លាប់ ៩០% នៅឆ្នាំ២០៣០ ធៀបនឹងតួលេខឆ្នាំ២០១៥ ដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចប់ជំងឺរបេងសកលលោកផងដែរ»៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ