កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានបិទបញ្ចប់ជាស្ថាពរ
ភ្នំពេញ ៖ មូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានបិទបញ្ចប់ជាស្ថាពរ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។
កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។
យោងតាមសេចក្ដីជូនដំណឹងរបស់ មូលនិធិជាតិជំនួយសង្គម នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា មូលនិធិជាតិជំនួយសង្គម បានចាប់ផ្តើមដំណើរការកម្មវិធីចាប់ពី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានចំនួន ១៦ជុំ មាន ៤៦លើក ទទួលបានលទ្ធផលល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបានសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានបណ្ណសមធម៌ ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩។
ដោយផ្អែកលើភាពប្រសើរឡើងនូវស្ថានភាពនៃជំងឺកូវីដ-១៩ និងដើម្បីឆ្ពោះទៅអនុវត្តកម្មវិធីជាតិជំនួយ សង្គមក្នុងកញ្ចប់គ្រួសារ ដែលជាកម្មវិធីជំនួយសង្គមលក្ខណៈអចិន្ត្រៃយ៍ និងប្រក្រតី ក្នុងខែមេសា ឆ្នាំ២០២៤ មូលនិធិជាតិជំនួយសង្គម បានបញ្ជាក់ថា «កម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានបិទបញ្ចប់ជាស្ថាពរ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤»។
ដើម្បីបង្ករលក្ខណៈងាយស្រួល និងរក្សានិរន្តរភាពកម្មវិធី មូលនិធិជាតិជំនួយសង្គម បន្តទទួលបណ្តឹងតវ៉ារបស់អ្នកទទួលផលពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីខាងលើ រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៧ នាទី៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ