ភ្នំពេញ ៖ រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បានបន្តយកចិត្តទុកដាក់យ៉ាងសកម្មក្នុងការផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពជាង៣ពាន់លើក ដោយប្រជាពលរដ្ឋជាង១សែននាក់ទូទាំងរាជធានី-ខេត្ត បានចូលរួមឈ្វេងយល់។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ។

លោក ទូច សុឃៈ បានគូសបញ្ជាក់អំពីសកម្មភាពនៃការផ្សព្វផ្សាយទាំងនោះភាគច្រើនបានធ្វើឡើងនៅតាមវេទិកាសាធារណៈ និងកម្មវិធីជួបជុំផ្សព្វផ្សាយតាមខ្នងផ្ទះប្រជាពលរដ្ឋ ដោយមានការចូលរួមផ្សព្វផ្សាយពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធគ្រប់ថ្នាក់នៅតាមភូមិសាស្ត្ររដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ជាពិសេសមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល។

លោក បានបញ្ជាក់ថា «អាជ្ញាធរមូលដ្ឋានបានបន្តសកម្មក្នុងការពង្រឹង និងជំរុញវិធានការជំនាញ ជាពិសេស វិធានបង្ការទប់ស្កាត់ និងខិតខំបង្ក្រាបលុបបំបាត់នូវបញ្ហាប្រឈមនានាដែលទាក់ទងនឹងសុវត្ថិភាពសង្គម ដោយកាត់បន្ថយបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសដែលប៉ះពាល់ដល់ចិត្តសាស្ត្រសង្គម តាមរយៈបង្កើនការផ្សព្វផ្សាយអប់រំដើម្បីបំផុសឱ្យមានចលនាផុលផុសឡើងក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»។

តាមទស្សនៈសុទិដ្ឋិនិយមរបស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅពេលប្រជាពលរដ្ឋបានយល់ដឹងពីសារៈសំខាន់នៃគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពនោះ ពួកគាត់នឹងចូលរួមសហការរាយការណ៍ និងគាំទ្រការអនុវត្តលក្ខណៈសម្បត្តិទាំង៧នៃគោលនយោបាយប្រកបដោយប្រសិទ្ធភាពល្អប្រសើរ។


គួររម្លឹកជូនថា គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព មានលក្ខណៈសម្បត្តិ៧យ៉ាង រួមមាន ១. ផ្ដល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។ ២. គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ ៣. មានសណ្ដាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។ ៤. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ដ្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។ ៥. ដោះស្រាយវិធានការនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ៦. មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ និងទី៧. ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្ដរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ