ភ្នំពេញ ៖ តាមរយៈការសិក្សាស្រាវជ្រាវកន្លងមក ក្រសួងមហាផ្ទៃ បានរកឃើញថា ប្រជាពលរដ្ឋខ្មែរមួយចំនួនបាននិង កំពុងជួបបញ្ហាប្រឈមលើកំហុសទិន្នន័យអត្តសញ្ញាណរបស់ខ្លួននៅក្នុងបញ្ជី និងសំបុត្រអត្រានុកូលដ្ឋានជាមួយ ឯកសារអត្តសញ្ញាណដទៃទៀត។

ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋខ្លះ បានចុះបញ្ជីអត្រានុកូលដ្ឋានប្រភេទតែមួយ លើសពីមួយដង ដែលជាហេតុធ្វើឱ្យប្រជាពលរដ្ឋទាំងនោះជួបការលំបាកនៅក្នុងការស្នើសុំ សេវារដ្ឋបាល ផ្សេងៗ។

ពាក់ព័ន្ធបញ្ហានេះ រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ បានដាក់ចេញនូវអនុក្រឹត្យនិងលិខិតបទដ្ឋានគតិយុត្ត ជាបន្តបន្ទាប់ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋឱ្យទទួលបានសេវាកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជី អត្រានុកូលដ្ឋាន ដែលខុសឆ្គង ឬបញ្ជីអត្រានុកូលដ្ឋានដែលចុះជាន់គ្នា ឱ្យបានឆាប់រហ័ស ទូលំទូលាយ និង ងាយស្រួល ក្នុងគោលបំណងសម្រេចបានគោលដៅ «មនុស្សម្នាក់មានអត្តសញ្ញាណតែមួយ» ស្របតាមផែនការ យុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ២០១៧-២០២៦។

ទន្ទឹមនេះ ក្រសួងមហាផ្ទៃ បានសង្កេតឃើញថា ការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋានតាមសេចក្តីសម្រេចរបស់មន្ត្រីអត្រានុកូលដ្ឋានថ្នាក់ជាតិ និងសេចក្តីសម្រេចរបស់តុលាការ ដែលអនុវត្តនៅរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ មួយចំនួនតូចមិនទាន់ដំណើរការបានល្អគ្រប់ជ្រុងជ្រោយនៅឡើយ។

ដើម្បីជួយសម្រួលដល់ការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន ព្រមទាំងអនុវត្តសេចក្តី សម្រេចរបស់តុលាការពាក់ព័ន្ធនឹងការងារអត្រានុកូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាពសំដៅឆ្លើយតបទៅនឹង សំណូមពរ និងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃ បានសម្រេចដាក់ចេញនូវសេចក្តី ណែនាំថ្មី ស្តីពីបែបបទ នីតិវិធីនៃការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន ជំនួសសេចក្តីណែនាំ លេខ០៤៥ សណន ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ