ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យពង្រឹងការគ្រប់គ្រងអាវុធជាតិផ្ទុះឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីសន្តិសុខជាតិ ហើយក៏ព្រមានបណ្តេញចេញពីក្របខណ្ឌចំពោះមន្រ្តីនគរបាលរូបណា ដែលឲ្យអាវុធដល់អ្នកដទៃខ្ចី។

ក្នុងពិធីបូកសរុបលទ្ធត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានបញ្ជាក់ថា «មកដល់ម៉ោងនេះកងកម្លាំងនគរបាលទាំងអស់ មិនប្រើប្រាស់អាវុធខុសច្បាប់ទៀតនោះទេ តែបើមានប្រើប្រាស់អាវុធខុសច្បាប់ ឬមួយមិនមានការអនុញ្ញាត ឬឲ្យសំបុត្របេសកកម្ម និងអាវុធទៅឲ្យអ្នកដទៃខ្ចី ខ្ញុំគិតថាមិនចាំបាច់ទុកក្នុងក្របខណ្ឌអ្វីទៀតនោះទេ គប្បីបណ្តេញចេញភ្លាមតែម្តងពីព្រោះកាំភ្លើងនេះមិនធម្មតានោះទេ កាលណាយកទៅគឺយកទៅធ្វើអ្វីខុស អាចនឹងសម្លាប់គេបាន អាចនឹងប្រើប្រាស់ទៅលើអ្វីផ្តេសផ្តាស់បានស្រេចតែចិត្ត អញ្ចឹងហើយការងារនេះសូមឲ្យមើល (គ្រប់ស្នង គារនគរបាលរាជធានី-ខេត្ត)»។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាឲ្យពិនិត្យមើលចំពោះអ្នកយាមតាមបណ្តាក្រុមហ៊ុនធំៗផងដែរ ខណៈសព្វថ្ងៃនេះអគ្គស្នងការដ្ឋាននគរបាលបានប្រមូលអ្នកដែលយាមតាមបណ្តាក្រុមហ៊ុនបានមួយចំនួនធំៗហើយ នៅសល់តែបន្តិចបន្ទួចទេ តែទោះជាយ៉ាងណាក៏ដោយ យើងត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ពីព្រោះអាវុធជាតិផ្ទុះនេះសំខាន់ណាស់ត្រូវតែពិនិត្យឲ្យបានច្បាស់លាស់ចាប់ពីពេលនេះតទៅមិនត្រូវធ្វេសប្រហែសតទៅទៀតនោះឡើយ។

ដោយឡែកទាក់ទងនឹងស្លាក់លេខឡាននគរបាលវិញ លោកឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានព្រមានខ្លាំងៗផងដែរ ដោយ លោក បានធ្វើការដាស់តឿនដល់មន្រ្តីនគរបាលទាំងអស់ ដែលប្រើប្រាស់ស្លាកលេខឡាននគរបាលខុសរឿង ត្រូវតែបញ្ឈប់ភ្លាមខណៈឡាននគរបាលខ្លះជិះទៅធ្វើការនៅក្នុងកាស៊ីណូ និងខ្លះទៀត ចត់នៅមុខខារ៉ាអូខេជាដើមនោះ។ ដូច្នេះឡានស្លាក់លេខនគរបាលនេះ គឺមិនត្រូវឲ្យបុគ្គលណាខ្ចីឬក៏ប្រើក្រៅពីនគរបាលធ្វើ ការក្នុងក្របខណ្ឌខ្លួនឯងបានទេ ដូច្នេះស្នងការរាជធានី-ខេត្តទាំងអស់ត្រូវតែធ្វើការពិនិត្យឡើងវិញដើម្បី សន្តិសុខសណ្តាប់ធ្នាប់សង្គមជាតិយើងទាំងមូល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ