ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញប្រកាសក្រុមការងារសកម្មភាពជនពិការក្រសួងមហាផ្ទៃ និងផ្ដល់អនុសាសន៍គន្លឹះ
ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារសកម្មភាពជនពិការក្រសួងមហាផ្ទៃ។
ក្រុមការងារសកម្មភាពជនពិការក្រសួងមហាផ្ទៃ ត្រូវបានបង្កើតឡើងដោយសេចក្ដីសម្រេចរបស់ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្រ្តី កាលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ស្របតាមសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា។
ផ្អែកលើរបាយការណ៍ក្នុងកិច្ចប្រជុំដែលបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២ ក្រសួងមហាផ្ទៃ មានមន្រ្តីរាជការ បុគ្គលិក ដែលមានពិការភាពបម្រើការងារទាំងក្នុងក្រសួង និងអង្គភាពក្រោមឱវាទសរុបចំនួន ៩៥២នាក់ ស្មើនឹង០,៩៣ភាគរយនៃមន្រ្តីរាជការ និងបុគ្គលិកសរុប ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំឱ្យបង្កើនអត្រាមន្រ្តីរាជការ និងបុគ្គលិកមានពិការភាពឱ្យបានដល់១ភាគរយ និងបានស្នើក្រុមការងារសកម្មភាពជនពីការក្រសួងមហាផ្ទៃបន្តកិច្ចសហការឱ្យបានល្អជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីធានារួមចំណែកជ្រោមជ្រែងជនមានពិការភាពនៅក្នុងក្រសួងមហាផ្ទៃ ក៏ដូចជាទូទាំងប្រទេស ឱ្យទទួលបានសិទ្ធិ សេរីភាព សុខុមាលភាព និងឱកាសចូលរួមគ្រប់សកម្មភាពក្នុងសង្គមប្រកបដោយបរិយាបន្ន។
ដើម្បីឱ្យការងារដ៏មានសារៈសំខាន់នេះ អាចសម្រេចទៅបានដោយជោគជ័យ ឯកឧត្តមអភិសន្តិបណ្ឌិត បានស្នើនិងផ្ដល់អនុសាស៍ទៅកាន់ក្រុមការងារសកម្មភាពជនមានពិការភាពក្រសួងមហាផ្ទៃ រដ្ឋបាលថ្នាក់ក្រោមជាតិ និងបណ្ដាអង្គភាពចំណុះក្រសួងទាំងអស់ យកចិត្តទុកដាក់លើកទឹកចិត្តជនមានពិការភាពដែលមានលក្ខណៈសម្បត្តិនិងសមត្ថភាពឱ្យ បំពេញមុខងារ តួនាទីទទួលខុសត្រូវក្នុងមុខតំណែង មានសិទ្ធិចូលបម្រើការងារដោយគ្មាន ការរើសអើង ព្រមទាំងសិក្សា ស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងពិការភាព និងជំរុញធ្វើការផ្សព្វផ្សាយ អោយបានទូលំទូលាយដល់អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ ក្រោមជាតិ។
ប្រមុខក្រសួងមហាផ្ទៃ ក៏បានស្នើឱ្យក្រុមការងារសកម្មភាពជនពិការ មានកិច្ចសហការល្អជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាពពាក់ព័ន្ធ អង្គការដៃគូ វិស័យឯកជន កែសម្រួល ឬក៏រៀបចំផាសុកវត្ថុ បទដ្ឋានបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព នៅតាមទីកន្លែងសាធារណៈ និងឯកជនន និងសហការកំណត់អត្តសញ្ញាណជនមានពិការភាព សហការកសាងសមត្ថភាព និងគាំទ្របច្ចេកទេសដល់មន្ត្រីទទួលបន្ទុក តាមដាន ត្រួតពិនិត្យ ដោះស្រាយបញ្ហាប្រឈម នានាពាក់ព័ន្ធការងារនេះ ព្រមទាំងរៀបចំផែនការសកម្មភាព យន្តការតាមដាន ត្រួតពិនិត្យ វាយតម្លៃ និង ផែនការថវិកា សម្រាប់ក្រុមការងារសកម្មភាពជនពិការក្រសួងមហាផ្ទៃ។
គួរកត់សម្គាល់ថា ក្រៅពីក្រសួងមហាផ្ទៃ បណ្ដាក្រសួង-ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផ្សេងទៀត ក៏ដូចជាស្ថាប័នក្នុងវិស័យឯកជននានាដែរ សុទ្ធតែបាននឹងកំពុងផ្ដល់ឱកាស និងអាទិភាពបំផុតជូនដល់ជនមានពិការភាព ដើម្បីបានចូលបម្រើការងារលើគ្រប់វិស័យ។ ស្ថិតិផ្លូវការបានឱ្យដឹងថា នៅឆ្នាំ២០២៣ មានជនមានពិការភាពចំនួន៧៥៣៨នាក់ បាននឹងកំពុងបម្រើការងារនៅតាមស្ថាប័នរដ្ឋនិងឯកជន ក្នុងនោះស្ថាប័នរដ្ឋមានចំនួន ៣ ៧៧៦នាក់៕