លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន កោតសរសើរឯកអគ្គរដ្ឋទូតចិននៅកម្ពុជា បានជំរុញកិច្ចសហប្រតិបត្តិការរីកចម្រើនលើគ្រប់វិស័យរវាងប្រទេសទាំងពីរ
ភ្នំពេញ ៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសម្ដែងនូវការពេញចិត្ត និងកោតសរសើរចំពោះការបំពេញបេសកកម្មរបស់លោក វ៉ាង វិនធៀន ក្នុងនាមជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា។
ការថ្លែងបែបនេះរបស់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ ក្នុងឱកាសអនុញ្ញាតឲ្យលោក វ៉ាង វិនធៀន ចូលជួបសម្ដែងការគួរសម និងជម្រាបលាក្នុងអាណត្តិជាឯកអគ្គរដ្ឋទូត។ ជំនួបនេះធ្វើឡើងនៅសាលសវនាការរបស់លោក នាអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី។
ជាកិច្ចចាប់ផ្ដើម លោក វ៉ាង វិនធៀន បានកត់សម្គាល់ក្នុងរយៈពេលនៃការបំពេញបេសកកម្មនៅកម្ពុជារបស់លោក ដោយមើឃើញពីការរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យ ក៏ដូចជាទំនាក់ទំនងរវាងកម្ពុជា-ចិន ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ លោកបានថ្លែងអំណរគុណ និងកោតសរសើរការជួយជ្រុំជ្រែង និងការគាំទ្ររបស់លោកឧបនាយករដ្ឋមន្ដ្រី ក្នុងពេលដែលកាន់តំណែងជាអគ្គស្នងការនគរបាលជាតិ នៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់។
លោកសន្ដិបណ្ឌិត នេត សាវឿន បានសម្ដែងនូវការពេញចិត្ត និងកោតសរសើរចំពោះឯកអគ្គរដ្ឋទូត ដែលបានបំពេញបេសកកម្មប្រកបទៅដោយជោគជ័យនៅកម្ពុជា ហើយបានជំរុញលើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ។ បន្ថែមពីនេះ នៅក្នុងអាណត្តិការទូតរបស់លោក វ៉ាង វិនធៀន បានជំរុញទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរឲ្យដល់កម្រិតកំពូលផងដែរ។
លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានកត់សម្គាល់ដែរថា លោក វ៉ាង វិនធៀន បានរួមចំណែកក្នុងការជំរុញ និងធ្វើឲ្យកម្ពុជាសម្រេចបានសមិទ្ធផលជោគជ័យ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅការងារធំៗមួយចំនួនផងដែរ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ