លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រាប់សភាពាណិជ្ជកម្មអាមេរិក ពីគម្រោងគោះទ្វារ ដើម្បីទាក់ទាញវិនិយោគអាមេរិក មកកាន់កម្ពុជា
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រាប់ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា អំពីគម្រោងគោះទ្វារ ដើម្បីទាក់ទាញវិនិយោគសហរដ្ឋអាមេរិកមកកម្ពុជា លើក្រុមហ៊ុនដែលកំពុងមានប្រតិបត្តិការស្រាប់នៅកម្ពុជា។
លោក ស៊ុន ចាន់ថុល បានលើកឡើងបែបនេះ នាឱកាសអនុញ្ញាតឲ្យលោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham Cambodia) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្នុងឱកាស នៃជំនួបសម្ដែងការគួរសមពីសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូន អំពីទស្សនវិស័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលើការលើកកម្ពស់ប្រព័ន្ធបច្ចេកវិទ្យា ដោយមានការធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់(QIP) ក្នុងគោលដៅសម្រួលដល់វិនិយោគិនក្នុងការស្នើសុំគម្រោងវិនិយោគតាមរយៈប្រព័ន្ធអនឡាញឱ្យបានកាន់តែប្រសើរ។
ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនជាព័ត៌មានដល់គណៈប្រតិភូ អំពីគម្រោងគោះទ្វារវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទៅកាន់សហរដ្ឋអាមេរិក ដើម្បីធ្វើយ៉ាងណាអាចឱ្យកម្ពុជាទាក់ទាញបន្ថែម ទៀត វិនិយោគិនរបស់សហរដ្ឋអាមេរិក ចូលមកវិនិយោគបន្ថែម លើក្រុមហ៊ុនដែលកំពុងមានប្រតិបត្តិការស្រាប់នៅកម្ពុជា។
សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham Cambodia) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ គឺជាអង្គការឯករាជ្យមិនស្វែងរកប្រាក់ចំណេញ មានសមាជិកប្រមាណ ២៤០ក្រុមហ៊ុន ដែលក្នុងនោះមានក្រុមហ៊ុនពីសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជាជាសមាជិកផងដែរ ដើម្បីលើកកម្ពស់កាលានុវត្តភាពពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគ រវាងប្រទេសទាំងពីរ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ