ភ្នំពេញ ៖ រថយន្ត Fortuner ពាក់ស្លាកលេខនគរបាលមួយគ្រឿង បើកបរដោយបុរសម្នាក់សង្ស័យខឹងរថយន្ត Prius ស៊ីផ្លេសុំផ្លូវ បែជាដកកាំភ្លើងបាញ់មួយគ្រាប់ទម្លុះកញ្ចក់ចំហៀង ត្រូវចំដៃស្ត្រីជនជាតិចិនម្នាក់ជិះក្នុងរថយន្ត ហើយជនបង្កបើករថយន្តបត់ត្រឡប់ក្រោយគេចខ្លួនបាត់។

ករណីបាញ់ប្រហារដោយរថយន្ដពាក់ស្លាកលេចនគរបាលនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមការរៀបរាប់ពីបុរសជាអ្នកបើកបររថយន្តម៉ាក Prius បានឱ្យដឹងថា មុនកើតហេតុ គាត់ដឹកភ្ញៀវស្ត្រីជនជាតិចិនម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ឃើញរថយន្តម៉ាក Fortuner ពណ៌ស ពាក់ស្លាកលេខ នគរបាល បើកយឺតៗ នៅពីមុខលើគន្លងផ្លូវវ៉ាជែង។ ឃើញដូច្នោះ គាត់មិនហ៊ានវ៉ាជែងខាងស្តាំទេ ក៏សុីផ្លេ ហើយសុីញ៉ូភ្លើងក្នុងបំណងសុំវ៉ា តែរថយន្តFortuner មិនឱ្យវ៉ាជែង បែជាជាន់ហ្វ្រាំង ទាំងបង្ខំ ក្នុងចេតនាឱ្យគាត់បុកពីក្រោយ តែគាត់ជាន់ហ្វ្រាំងទាន់ ទើបមិនបុក ហើយរថយន្តបង្កបើកទៅស្តាំវិញ។ ឃើញដូច្នោះ ក៏បើកវ៉ាជែងបានទៅមុន ស្រាប់តែខ្មាន់កាំភ្លើងបើកដេញតាមពីក្រោយ ដល់ទន្ទឹមគ្នាដកកាំភ្លើងបាញ់មួយគ្រាប់ ធ្លាយកញ្ចក់ចំហៀង ត្រូវចំដៃស្ត្រីជនជាតិចិន ហើយរថយន្តបង្កបត់ត្រឡប់ក្រោយគេចទៅបាត់។

ប្រភព បានបន្ត ថា ដោយមានការភ័យខ្លាច រូបគាត់ក៏បើករថយន្តទៅដល់ចំណុចគល់ស្ពានអាកាសជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ទើបឈប់ និងឲ្យជនរងគ្រោះទៅមន្ទីរពេទ្យ បន្ទាប់មកទើបបើករថយន្ដទៅប្តឹងនគរបាលនៅប៉ុស្តិ៍ប្រទះឡាងវិញ។

ករណីផ្ទុះអាវុធ ត្រូវរបួសស្ត្រីជនជាតិចិនខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ច ខណ្ឌកំបូល កម្លាំងបណ្តារប៉ុស្តិ៍រដ្ឋបាល ចុះតាមស្រាវជ្រាវដើម្បីស្វែងរកជនបង្ក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ