ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបាន បើកសម័យប្រជុំលើកដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
សម័យប្រជុំលើកដំបូងរបស់ខ្លួនសម្រាប់នីតិកាលទី៥នេះ បានប្រព្រឹត្តទៅលើរបៀបវារៈសំខាន់ៗចំនួន២៖ ទី១- ប្រកាសសុពលភាពនៃអាណត្តិសមាជិកនីមួយៗ, ទី២- បោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានទាំងទី១ ទី២ ព្រឹទ្ធសភា។
ជាលទ្ធផលអង្គបោះឆ្នោតបានបោះឆ្នោតគាំទ្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា សម្រាប់នីតិកាលទី៥នេះ ដោយសំឡេងគាំទ្រចំនួន ៦២លើ៦២សំឡេង នៃសមាជិកព្រឹទ្ធសភាទាំងមូល។ បើសិនបើគ្មានការប្រែប្រួលទេពិធីស្បថចូលកាន់តំណែងរបស់ថ្នាក់ដឹកនាំកំពូលព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ នៅក្នុងព្រះបរមរាជវាំង។
សូមបញ្ជាក់ថា ព្រឹទ្ធសភានីតិកាលទី៥នេះ ត្រូវបានរៀបចំបោះឆ្នោតកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ មានគណបក្សនយោបាយចំនួន៤ចូលរួមប្រកួតប្រជែង ដោយក្នុងនោះរួមមានគណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។ ជាលទ្ធផលគណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥អាសនៈ ហើយគណបក្សឆន្ទៈខ្មែរ ទទួលបាន ៣អាសនៈ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ