គម្រោងទន្លេសាបកម្ពុជា ដែលបានផ្លាស់ប្តូរជីវិត និងលើកកម្ពស់ជីវភាពរស់នៅ ទទួលបានពានរង្វាន់អន្តរជាតិ
ភ្នំពេញ ៖ គម្រោងដែលលេចធ្លោ ក្នុងការអភិវឌ្ឍកសិកម្មខ្នាតតូចនៅកម្ពុជា ដោយផ្តល់ការយកចិត្តទុកដាក់ និងអាទិភាពខ្ពស់ក្នុងការកាត់បន្ថយភាពក្រីក្រ និង លើកកម្ពស់សិទ្ធស្រ្តី បានឈ្នះពានរង្វាន់ឆ្នើមជាសកលផ្នែកយេនឌ័រ នៃមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD Gender Award) ដ៏ល្បីល្បាញ តំណាងឱ្យតំបន់អាស៊ីនិងប៉ាស៊ីហ្វិក តាមរយៈដំណើរការជ្រើសរើស ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ក្នុងចំណោមគម្រោងដទៃមកពី ១៧៧ ប្រទេសជុំវិញពិភពលោក។
គម្រោងហិរញ្ញប្បទានបន្ថែមសម្រាប់កាត់បន្ថយភាពក្រីក្រ និង អភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប (TSSD-AF) នេះបានឈ្នះពានរង្វាន់ដោយសារ ការប្តេជ្ញាចិត្តផ្អែកលើលទ្ធផលយ៉ាងខ្លាំង លើសមភាពយេនឌ័រនិងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីជនបទក្នុងវិស័យកសិកម្ម និង ការលើកកម្ពស់ជីវភាព និងលទ្ធភាពទទួលបានហិរញ្ញប្បទាន នៅក្នុងខេត្តគោលដៅចំនួនប្រាំពីររបស់ខ្លួន ក្នុងតំបន់ទន្លេសាបនៃ ប្រទេសកម្ពុជា។
គម្រោងនេះ អនុវត្តដោយលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (NCDDS) នៃក្រសួងមហាផ្ទៃ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់តាំងពី ឆ្នាំ២០១៨ មក។
ក្រោមសហហិរញ្ញប្បទានពីរាជរដ្ឋាភិបាលកម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង IFAD គម្រោង TSSD-AF នេះបានជំរុញឲ្យមានតំណាងស្ត្រីដល់ទៅ ៦0% នៅក្នុងគណៈកម្មការគ្រប់គ្រងនៅទូទាំង ឃុំគោលដៅចំនួន២៧០របស់ខ្លួន ធ្វើឲ្យធនធានកសិកម្មរបស់កម្ពុជា មានភាពប្រសើរឡើងគួរឲ្យកត់សម្គាល់ និងអភិវឌ្ឍវិស័យកសិកម្មប្រកបដោយនិរន្តរភាពរយៈពេលវែងក្នុងខេត្តគោលដៅ។ តាមរយៈសកម្មភាពទាំងនេះវាបានផ្តល់អត្ថប្រយោជន៍ដល់គ្រួសារចំនួន៦៥០.០០០ ជាពិសេសកសិករខ្នាតតូច ដែលធ្លាក់ក្នុងភាពក្រីក្រជាយូរមកហើយ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ