ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យដឹងថា រយៈពេលជិត ២ខែមកនេះ កម្ពុជាទទួលបានទេសចរ ចំនួន ៨ ៤១៩នាក់ ដែលធ្វើដំណើរកម្សាន្តតាមនាវាខ្នាតយក្ស ចំនួន ១០លើក។


ភ្ញៀវទេសចរ ដែលធ្វើដំណើរកម្សាន្តតាមនាវាខ្នាតយក្ស ចំនួន ១០លើក នោះ រួមមាន៖ SEABOURN ENCORE ចំនួន ៤លើក, WESTERDAM ,RIVIERA ,AIDA BELLA ,SEVEN SEAS EXPLORER ,CRYSTAL SYMPHONY ,LE JAQQUES CARTER។


តាមរយៈបណ្ដាញទំនាក់ទំនងសង្គម នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា​ សម្ដេច បានអរគុណដល់សុខសន្តិភាពរបស់កម្ពុជា ដែលផ្ដល់នូវបរិស្ថាន និងអារម្មណ៍សុវត្ថិភាពដល់អ្នកទេសចរ អាចធ្វើការកម្សាន្តលំហែ និងសិក្សាអំពីកម្ពុជា ប្រកបដោយអនុស្សាវរីយ៍ល្អៗ មិនអាចបំភ្លេចបាន ពិសេស តាមរយៈបដិសណ្ឋារកិច្ចដ៏ល្អរបស់កម្ពុជា ព្រមទាំងរដ្ឋបាលខេត្តព្រះសីហនុ និងអាជ្ញាធរពាក់ព័ន្ធ ដែលបន្តទាក់ទាញអ្នកទេសចរអន្តរជាតិជាបន្តបន្ទាប់ តាមរយៈសក្តានុពលសម្បូរបែបឥតគណនារបស់កម្ពុជា និយាយជារួម និងខេត្តព្រះសីហនុ និយាយដាច់ដោយឡែក។


សម្ដេចធិបតី បន្ដថា តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគ ខេត្តព្រះសីហនុ ឆ្នាំ២០២៤ នឹងអាចទាក់ទាញវិនិយោគិន និងអ្នកទេសចរ កាន់តែច្រើនថែមទៀត ដោយរដ្ឋាភិបាល បន្តការយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំខេត្តព្រះសីហនុ ឱ្យក្លាយជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង និងជាច្រករបៀងសេដ្ឋកិច្ច និងទេសចរណ៍ ដែលជាតំបន់យុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ