ភ្នំពេញ ៖ ក្នុងរយៈពេល ១ត្រីមាស នៃឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោង ពង្រីកផលិតកម្មចំនួន ១០៦គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,២ពាន់លានដុល្លារអាម៉េរិក និង អាចបង្កើតការងារបានជាង ១០៧ពាន់កន្លែង។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅ ក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៧៣គម្រោង ក្នុងនោះ មានគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោង ដោយឡែកគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៣គម្រោង ក្នុងនោះ មានគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោង។

ជារួមក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ការអនុម័តគម្រោង វិនិយោគមានការកើនឡើងចំនួន ៦៧គម្រោង ខណៈទុនវិនិយោគមានការកើនឡើងគួរឱ្យកត់សម្គាល់ប្រមាណ ជិត ២ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៦៤៩% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។ ការកើន ឡើងយ៉ាងគំហុកនេះគឺដោយសារវត្តមាននៃគម្រោងថ្មីនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យឧស្សាហកម្ម, វិស័យទេសចរណ៍, និងគម្រោងពង្រីកផលិតកម្មនៃវិស័យឧស្សាហកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ