អបអរទិវាអន្តរជាតិនារី ៨ មីនា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គាំទ្របេសកកម្ម និងទស្សនាទានដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត
ភ្នំពេញ ៖ ក្នុងពិធីអបអរសាទ ទិវាអន្តរជាតិនារី ៨មីនា ២០២៤ ខួបទី១១៣ ប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការកត់សម្គាល់និងគាំទ្រពេញទំហឹងចំពោះបេសកកម្ម និងការផ្ដល់ទស្សនាទានដ៏ដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងគោលដៅបង្កើនភាពអង់អាច និងលើកតម្កើងគុណតម្លៃរបស់ក្មេងស្រី និងស្ត្រីនៅប្រទេសកម្ពុជា និងនៅទូទាំងសាកលលោក។
ពីវេទិកាអធិបតី នៃពិធីដែលមានការអញ្ជើញចូលរួមពីលោកជំទាវ ញ៉ែម សាខន ស ខេង លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោកជំទាវ កែ សួនសុភី សសុខា ប្រធានកិត្តិយសក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានចែករំលែកចំណេះដឹង និងបទពិសោធជីវិតការងារដែលបានបង្ហាញពីថាមពល និងការចាប់ផ្តើមដ៏ល្អ តាមរយៈការបណ្តុះគំនិតវិជ្ជាប្រកបដោយពុទ្ធិ និងភាពជាម្ចាស់ការលើខ្លួនឯង ក្នុងការអនុវត្តជីវភាពប្រចាំថ្ងៃ ការសិក្សាការប្រកបការងារផ្សេងៗរបស់ស្ត្រី និងក្មេងស្រី។
ឯកឧត្តមអភិសន្តិបណ្ឌិត បានចាត់ទុកបេសកកម្មរបស់លោកជំទាវបណ្ឌិត ពេជ ចន្នមុន្នី ក្នុងកម្មវិធី «បងស្រី និងប្អូនស្រី» ថាជាត្រីវិស័យចង្អុលទិសនៅក្នុងការរៀបចំគោលដៅជីវិតក្មេងស្រី នាពេលអនាគត ដែលមានដូចជា ១. ត្រូវមានការសិក្សា ដើម្បីជាធនធានសម្រាប់ជាតិ ២. ត្រូវមានសុខភាពល្អ ល្អទាំងផ្លូវកាយ និងផ្លូវចិត្ត ៣. ត្រូវមានសីលធម៌ សុជីវធម៌ គុណធម៌ រួមទាំងមេត្តាធម៌ និង៤. ត្រូវមានការតបស្នងទៅសង្គម ដោយចូលរួមបម្រើសង្គម យើងទទួលបានពីសង្គម យើងក៏តបស្នងទៅសង្គមវិញ។
ឯកឧត្តម បានទាញចំណាប់រម្មណ៍អង្គពិធី អំពីទស្សនាទានដែលលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី លើកឡើងថា«នៅក្នុងផ្ទះ បើមិនមានភរិយាខ្លាំង និងម្តាយល្អ នោះស្វាមី និងឪពុក ក៏ពិបាកនឹងមាន ឱកាសគ្រប់គ្រាន់ធ្វើរឿងជោគជ័យនៅខាងក្រៅដែរ»។
ដូចគ្នានេះដែរ ឯកឧត្តម ក៏បង្ហាញការចាប់អារម្មណ៍ចំពោះប្រសាសន៍របស់ លោកជំទាវ កែ សួនសុភី ដែលបានថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីពន្ធនាគារ នៃមណ្ឌលអប់រំកែប្រែទី២ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ថា នៅពីក្រោយភាពជោគជ័យរបស់បុរសគឺមានស្ត្រីដ៏រឹងមាំ និងសង្គមជាតិមានការអភិវឌ្ឍទៅមុខ គឺដើរទន្ទឹមគ្នារវាងបុរស និងស្ត្រីមិនអាចខ្វះនរណាម្នាក់បាន។
គួរកត់សម្គាល់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់និងលើកកម្ពស់សិទ្ធិជូនស្ត្រី ដោយបានកំណត់ ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រីនៅគ្រប់ វិស័យ គឺជាអាទិភាពតាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ «ស្ត្រី គឺជាស្នូល»៕