ភ្នំពេញ ៖ លោក នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានជួបជាមួយលោកឧត្តមសេនីយ៍ឯក Phanurat Lukboon អគ្គលេខាធិការ នៃក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀន នៃព្រះរាជាណាចក្រថៃ ដោយ កិច្ចជំនួបនេះភាគីទាំងពីរបានពិភាក្សាគ្នាជាច្រើន ដើម្បីស្វែងរកដំណោះស្រាយទាក់ទងនឹងបញ្ហាគ្រឿងដែលបានកំ ពុងកើតមានឡើងនៃប្រទេសទាំងពីរ។
ថ្លែងក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងថ្លែងអំណរគុណដល់ភាគីថៃដែលបានជួយដល់កម្ពុជានាពេលកន្លងមក ទាំងការងារបណ្ដុះបណ្ដាល, សហប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន និងទប់ស្កាត់ការនាំគ្រឿងញៀនឆ្លងកាត់ជាដើម។
លោកឧបនាយករដ្ឋមន្រ្តី បានជម្រាបជូនភាគីថៃ អំពីការងារអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាអាទិភាពចម្បង ហើយទាក់ទងនឹងបញ្ហាគ្រឿងញៀននេះដែរ រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ថ្នាក់ដឹកនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដាក់ចេញនូវគោលការណ៍សំខាន់ៗនានា សំដៅធ្វើយ៉ាងណាឲ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសិទ្ធភាពខ្ពស់ ពិសេសបានកំណត់យកការផ្សព្វផ្សាយអប់រំជាវិធីសាស្ដ្រសំខាន់ រួមផ្សំជាមួយវិធានការអនុវត្តច្បាប់ និងការគ្រប់គ្រងសារធាតុគីមីផ្សំ ព្រមទាំងការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនជាដើម។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោក Phanurat Lukboon ក៏បានគូសបញ្ជាក់ថា ពីស្ថានភាពនៅប្រទេសថៃលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ក៏មិនខុសពីប្រទេសកម្ពុជាប៉ុន្មាននោះទេ ពោលនៅតែជាបញ្ហាប្រឈមដ៏សំខាន់ ហើយភាគច្រើននៃជនរងគ្រោះ គឺជាយុវវ័យតែម្ដង។ លោកបន្ថែមទៀត ថា គ្រឿងញៀនជាបញ្ហាឆ្លងដែន ដែលប៉ះពាល់ដល់គ្រប់ប្រទេសទាំងអស់ ហើយវាជាការចាំបាច់ដែលត្រូវសហការគ្នាឲ្យបានជិតស្និទ្ធ បំផុតដើម្បីលុបបំបាត់បញ្ហានេះឲ្យអស់។
នៅក្នុងកិច្ចជំនួបនោះ លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងលោក Phanurat Lukboon បានទទួលស្គាល់ដូចគ្នាថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនមែនជាបញ្ហាដាច់ដោយឡែករបស់ប្រទេសណាមួយនោះទេ ពោលគឺជាបញ្ហាប្រឈមសកលតែម្ដង ដែលប្រទេសទាំងអស់ត្រូវតែបន្ដសហការគ្នាដើម្បីទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលានូវបណ្ដាញរបស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀននេះ។ ក្នុងន័យនេះ ភាគីកម្ពុជា និងថៃ បានបង្ហាញនូវជំហរយ៉ាងមុតមាំក្នុងការបន្ដពង្រឹងកិច្ចសហប្រតិបត្តិការលើការងារនេះ ដើម្បីផ្លាស់ប្ដូរព័ត៌មានជាមួយគ្នាទៅវិញទៅមកសំដៅធ្វើយ៉ាងណាបង្ការ និងបង្ក្រាបឲ្យបានទាន់ពេលវេលានូវបញ្ហាគ្រឿងញៀននេះ ដើម្បីសន្តិសុខសង្គមជាតិ នៃប្រទេសទាំងពីរ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ