ភ្នំពេញ ៖ រដ្ឋាភិបាលចិន បានសម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណង ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ក្នុងការអនុវត្ត «គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា» ដែលមានថវិកាសរុបចំនួន ៤ ៤០០ ០០០ដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤ ដែលបានអនុម័តផ្តល់ជំនួយនេះ ជាផ្លូវការនៅចុងខែមីនានេះ។ នេះបើតាមការបញ្ជាក់របស់លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក CMAC នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ។

លោក ហេង រតនា បានបន្ថែមថា សម្រាប់គម្រោងក្នុងឆ្នាំ២០២៤នេះ មានផែនការបន្តកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមក្នុងខេត្តចំនួន ៣រួមមាន៖ ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តព្រះវិហារ ។

ដោយផ្ដោតលើសកម្មភាពសំខាន់ៗដូចជា ១.ការបោសសម្អាតផ្ទៃដីមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមចំនួនជាង ៣ ៤០០ហិកតា ២.ការស្រាវជា្រវ និងប្រមូលព័ត៌មានអំពីសំណល់យុទ្ធភណ្ឌសង្គ្រាម និងគ្រាប់បែកចង្កោមចំនួនប្រមាណ ៩០០០ពហុកោណ (ទីតាំង) និង ៣. ការពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិ លើការងារអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងសង្គ្រោះជនពិការដោយសារមីនចំនួនជាង៣០០គោលដៅ។ គម្រោងនេះផ្តល់ផលប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាពលរដ្ឋប្រមាណ ៧០ម៉ឺននាក់។

សូមបញ្ជាក់ថា នេះជាគម្រោងជំនួយឆ្នាំទី២ នៃគំរោងជំនួយរយៈពេល៣ឆ្នាំ ដែលមានជំនួយហិរញ្ញប្បទានឥតសំណងសរុបចំនួន ១៣.២លានដុល្លារអាមេរិក៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ